កម្លាំងជំនាញចម្រុះបន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
AKPកំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥--លោកវីរៈសេនីយ៍ទោ ស៊ុន ណារិន មេបញ្ជាការស្រាលយោធភូមិភាគទី៤បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលនិងសមត្ថកិច្ចបរិស្ថានឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចជើងលូងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ។

ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំស្បៃមុង៨របាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៣០០ដើម សាច់ឡុកចំនួន ១៦គ្រឿង លូស្បៃមុងចំនួន១៦មាត់និងបានចាក់ព្រលែងកូនត្រីស្រស់ចម្រុះទំងន់១០គីឡូក្រាមចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក សៅ វណ្ណសិរីវុទ្ធ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងគណៈកម្មការសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចខាងត្បូងបឹងស្ពង់និងខាងជើងបឹងស្មៅ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានធ្វើការរុះបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នឹងកន្លែងរួមមាន÷
១.របាំស្បៃមុងចំនួន៧ របាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន៧គ្រឿង លូស្បៃមុងចំនួន៧មាត់ បង្គោលចំនួន២៥០ដើម។ ២.លបប្រឹស១០០ ចំនួន៣០ខ្សែ ស្មើនឹង៦០០លប។

លោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុច បឹងអាឆ្លាមនិងចំណុចបឹងព្រលឹត ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷១.របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៦០ម៉ែត្រ ឡុកស្បៃមុង ចំនួន៤គ្រឿង លូស្បៃមុងចំនួន៤មាត់ បង្គោលចំនួន១០០ដើមចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាមវិញ។២.របាំងសាច់អូនក្រឡាញឹកចំនួន០២ របាំងប្រវែង៣៥០ ម៉ែត្រ ឡុកសាច់អូនចំនួន៤គ្រឿងលូសាច់អួនចំនួន៨មាត់និងបង្គោលឈើចំនួន១៨០ដើម៕
ដោយ៖ ស៊ុម វណ្ណា





