ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ប្រជុំឆ្លងរបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ បានធ្វើការប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមពីនាយទាហានជាន់ខ្ពស់មកពីអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថ។

ក្នុងរបាយការណ៍បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់អនុវត្តតាមផែនការជាតិស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក៏ដូចផែនការសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹកជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងអង្គភាពចំណុះ បានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាលស្តារនីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាអង្គភាពចំណុះបានអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន បានចំនួន៤,២១០លើក ចំនួនចូលរួម៣៥១,៧៤៥លើក/នាក់ ស្រីចំនួន២៩,៧៧៨លើក/នាក់។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថបានចែកខិត្តបណ្ណរូបភាពផ្សព្វផ្សាយសរុបចំនួន៥,២៦៩សន្លឹក។

ចំពោះលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦៨៦លើក ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦៥៧នាក់ ស្រី២១៨នាក់ និងចាប់យកសម្ភារ វត្ថុតាងបានមួយចំនួនក្នុងនោះ៖ បានបញ្ជូនជនសង្ស័យទៅសាលាដំបូងចំនួន១២៦៣នាក់ ស្រីចំនួន១៤២នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាចំនួន២៧៣នាក់ ស្រីចំនួន២៨នាក់ បានធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅលំនៅឋានវិញចំនួន១២១នាក់ ស្រីចំនួន៤៨នាក់។

ក្នុងឆមាសទី១ ឆ្នាំ២០២៥ មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣ បានទទួលជនរងគ្រោះជាជនស៊ីវិលចូលសម្រាកព្យាបាលសរុបចំនួន៤៧៧នាក់ ក្នុងនោះស្រីចំនួន២៤នាក់ សំណល់ពីឆ្នាំ២០២៤ ចំនួន២៨៨នាក់ ស្រីចំនួន១៥នាក់ ទទួលចូលក្នុងឆមាសទី១ ឆ្នាំ២០២៥ ចំនួន១៨៩នាក់ ស្រីចំនួន០៩នាក់) ជាសះស្បើយវិលចូលសង្គមវិញចំនួន១៩១នាក់ ស្រីចំនួន០៩នាក់ បន្តស្នាក់នៅព្យាបាលចំនួន២៨៦នាក់ ស្រីចំនួន១៥នាក់។
មានប្រសាសន៍បូកសរុបនាពេលនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងការកោតសរសើរជូនចំពោះដល់កងរាជអាវុធហត្ថ ក៏ដូចជាគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរក្នុងឆមាសទី១ ឆ្នាំ២០២៥កន្លងមក។ ឯកឧត្តមបានលើកផែនការ ឆមាសទី២ ឆ្នាំ២០២៥ គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ព ទ័ពជំនាញ និងមេបញ្ជាការគ្រប់អង្គភាព រួមទាំងមានការចូលរួមពីយោធិនគ្រប់រូប ត្រូវបន្តធ្វើឱ្យការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តឱ្យបានល្អប្រសើរថែមទៀត។
ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទបានបង្កើតគណៈកម្មាធិការ គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរចនាសម្ព័ន្ធចាត់តាំងពីក្រសួងកាពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងកងឯកភាពទូទាំងខ.ភ.ម ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្តាប់ ការប្រើប្រាស់ ការចែកចាយ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងជួរខ.ភ.ម។ បន្ទាប់មក ឯកឧត្តម រដ្ឋលេខាធិការ បានជូនលិខិតសរសើរ បណ្ណសរសើរ ដល់គ្រប់បណ្ដាអង្គភាពដែរបានខិតខំយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្មផងដែរ៕
ដោយ សំ សាម៉ន





