ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្ដារស្ទឹងស្លាប់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ៧៥%
AKP កំពង់ធំ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍសំណង់ស្ទាក់ទឹកកំពង់គោ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំដែលសម្រេចបាន ប្រមាណ៧៥%ហើយ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ការងារស្ដារស្ទឹងស្លាប់គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍសំណង់ស្ទាក់ទឹកកំពង់គោ ដែលមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ជាពិសេសជួយបញ្ចៀសហានិភ័យនៃការជន់លិចក្រុងស្ទឹងសែន និងតំបន់ជុំវិញ នារដូវវស្សាបានយ៉ាងមានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផល ដំណាំរួមផ្សំគ្រប់ប្រភេទនៅតាមដងស្ទឹងនារដូវប្រាំង និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. កសាងសំណង់ស្ទាក់ទឹកកំពង់គោប្រវែង២៦០ម៉ែត។ ២. កសាងសំណង់បញ្ចេញបញ្ចូលទឹក និងគ្រប់គ្រងទឹកចំនួន ៤៧កន្លែងចាប់ពីសំណង់ស្ទាក់ស្ទឹងកំពង់គោរហូតដល់ស្ទឹងស្លាប់។ ៣. ស្តារស្ទឹងស្លាប់ប្រវែង៣០គីឡូម៉ែត្រ តភ្ជាប់ពីស្ទឹងសែននៅផ្នែកខាងលើនៃខេត្តកំពង់ធំស្ទឹងសែន ក្នុងសង្កាត់ស្រយ៉ូវ មាត់លើទំហំ៦០ម៉ែត្រ បាតក្រោមទំហំ២០ម៉ែត្រ មានខ្នងទំនប់ម្ខាង៦ម៉ែត្រ និងមានសំណង់សិល្បការ្យដូចជា សំណង់កាត់ស្ទឹង សំណង់ស្ទាក់ទឹក និងសំណង់បញ្ចេញបញ្ចូលទឹក សរុប១១៧កន្លែង៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





