នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា កម្ពុជា បាននិងកំពុងបន្តអនុវត្តន៍យន្តការរួមនៃផែនការសកម្មភាពអនុតំបន់ ដំណាក់កាលទី១៣ ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា កម្ពុជា បាននិងកំពុងបន្តអនុវត្តន៍យន្តការរួមនៃផែនការសកម្មភាពអនុតំបន់ (SAP) ដំណាក់កាលទី ១៣ (ឆ្នាំ២០២៥-២០២៧) ដែលបានអនុម័តរួចហើយ ព្រមទាំងផែនការសកម្មភាពអនុតំបន់ (SAP) សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ការលើកឡើងរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការមន្ត្រីជាន់ខ្ពស់ (SOC) នៃភាគីហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅក្នុងអនុតំបន់ទន្លេមេគង្គក្រោមកិច្ចសម្របសម្រួលពី UNODC ដែលមានប្រទេសចំនួន៦ ចូលរួម ក្នុងនោះរួមមាន៖ កម្ពុជា ចិន វៀតណាម ឡាវ ភូមា ថៃ ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ ខណៈកម្ពុជា បានចូលរួមតាមប្រព័ន្ធពីចម្ងាយ ZOOM។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង៦ ហើយបានជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំរបស់យើង នឹងក្លាយជាវេទិកាសម្រាប់ចែករំលែកការប្តេជ្ញាចិត្ត និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលយើងបានជួបប្រទះកន្លងមក ព្រមទាំងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពអនុតំបន់ថ្មី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងសង្កត់ធ្ងន់ថា៖ «និន្នាការថ្មីនៃការប្រើប្រាស់សារធាតុផ្លូវចិត្តថ្មីៗ (New Psychoactive Substances) ដូចជាសារធាតុ Etomidate ជាដើម ដែលជាកង្វល់ថ្មីសម្រាប់យើង។ ការទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយគ្រឿងញៀននៅក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ UNGASS »៕



ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





