ក្រុមប្រឹក្សាធម្មនុញ្ញគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិ អាចធ្វើទៅបាន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥--
ក្រុមប្រឹក្សាធម្មនុញ្ញបានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិ អាចធ្វើទៅបាន។ ការគូសបញ្ជាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសវនាការ អគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គនេះ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៥ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិជនទាំងឡាយ ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោលើកឡើងថា សម្ដេចមិនចង់លើកពីបញ្ហាជាតិសាសន៍ឯង ខណៈកំពុងមានបញ្ហាជាមួយបរទេសនោះទេ ប៉ុន្ដែមានពលរដ្ឋខ្មែរខ្លះប្រឆាំងជ្រុលពេកមិនគិតផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ ប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ៕
ដោយ៖ ប៊ុនរិទ្ធ





