ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងកំពង់ចាម
AKP កំពង់ចាមថ្ងៃទី ២១តុលា ឆ្នាំ២០២៦----
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះបានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងកំពង់ ចាមមាន គម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី និងហេដ្ឋារចនាសម្ព័ន្ធសួន ច្បារ នៅតាមមាត់ទន្លេអុំ ជាប់វិមាន ឯករាជ្យនៅក្រុងកំពង់ចាម។

ក្នុងឱកាស ចុះពិនិត្យឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក៏បានណែនាំនិងជំរុញដល់មន្ត្រីបច្ចេកទេស និងក្រុមជាងយកចិត្តទុកដាក់អនុវត្តការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណ ភាព និងភាពរឹងមាំនៃសំណង់ អាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតរៀងទៅនិងក៏បានណែនាំដល់អភិបាលក្រុងកំពង់ចាម ឱ្យរៀបចំក្រុមការងារបច្ចេកទេសចុះជួសជុល កែលម្អ និងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រីបន្ថែម តាមបណ្តោយសួនច្បារមាត់ទន្លេ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលមកលម្ហែកម្សាន្ត។


សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ចាប់ពីចំណុចផ្លូវភ្លោះទល់មុខធនាគារ អេស៊ីលីដា រហូតដល់គល់ស្ពានគីហ្សូណាមានប្រវែង ៦៣០ម៉ែត្រ នឹងត្រូវបំពាក់បង្គោលភ្លើងចំនួន ២៥ដើម និងតំបន់រង្វង់មូលទន្លេអុំចំនួន៣ដើម ។ចំពោះការងារសាងសង់សួនច្បារទន្លេអុំ គិតមកដល់ពេលនេះ ការដ្ឋានសម្រេចបានប្រមាណ ៧០% ហើយ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦នេះ៕


ដោយ៖ ឆាយ ម៉ុត





