ហ្មដំរីឈ្មោះ ឡាក់គី បានលាឈប់ពីការងារពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពុំមានជាប់ពាក់ព័ន្ធ រដ្ឋបាល ព្រៃឈើ ឬក្រសួងកសិកម្មទេ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
បន្ទាប់ពីការផ្ទុះរឿងអ្នកមើលថែ (ហ្ម) ដំរី ត្រូវបានលាឈប់ពីការងារ ដែលធ្វើឱ្យមនុស្សជាច្រើន កើតមនោសញ្ចេតនាយ៉ាងអាឡោះអាល័យ និងអាណិតអាសូរដល់សត្វដំរីឈ្មោះឡាក់គីដែលកំព្រាមេតាំងតែពីតូចមក ហើយពេលនេះត្រូវបានបែកបាក់ពីអ្នកថែទាំរបស់វាថែមទៀត។ ការផ្ទុះអាណិតអាសូរដល់សត្វដំរី ដែលត្រូវបានអ្នកថែទាំងលាឈប់នេះបានកំពុងជំរុញដល់អ្នកលេងបណ្តាញសង្គមធ្វើការបង្ហោះចែកចាយគ្នាពីមួយទៅមួយ។
រូបភាពដ៏គួរឱ្យខ្លោចផ្សានៃមនោសញ្ចេតបំផុតមួយពេលដែលអ្នកថែទាំ ប្រៀបដូចឪពុករបស់វាជាថ្ងៃចុងក្រោយ ដែលជាបានជិះម៉ូតូចាកចេញទៅបានលើកដៃ លាគ្នា តែត្រូវបានសត្វដំរី (ឡាក់គី) បានរត់មករារាំងផ្លូវ ហាក់វាមិនចង់បែកបាក់ពីអ្នកថែទាំងប្រៀបដូចឪពុកដ៏គួរជាទីស្រឡាញ់របស់វាសោះឡើយ។ រយៈពេល២៦ឆ្នាំ ដំរីនេះបានរស់នៅជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកថែទាំប្រៀបដូចម្តាយ និងឪពុកដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបវា។
ទាក់ទិនក្នុងរឿងនេះដែរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា៖ ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាបជូនសាធារណជន ថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ លោកត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ លោក ទ្រី ស៊ីថេង ចាប់អាជីពជាហ្មដំរី តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ហើយបានមើលថែ ដំរី ឈ្មោះ ឡាក់គី នេះ តាំងពីឆ្នាំ១៩៩៩ ដោយឡាក់គី ចាត់ទុក លោកដូចជាឪពុក ដែលមើលថែខ្លួនតាំងពីតូចមក៕


ដោយ៖ មករា





