បើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម”
AKP ភ្នំពេញ ថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៥--
ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ បើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្ដីព្រាងច្បាប់ស្ដីពីភស្តុភារកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងក្រុមហ៊ុនឯកជន សរុបប្រមាណជាង៧០នាក់។

សិក្ខាសាលាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងវិស័យភស្ដុភារកម្មព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពធន់ មានស្តង់ដាររួម កាត់បន្ថយចំណាយពេលវេលា ការលើកម្ពស់ឧត្តមានុវត្ត (Best Practices) បង្កើនភាពប្រកួតប្រជែង ព្រមទាំងបង្កើននូវទំនុកចិត្តពីសាធារណៈជនផងដែរ ក្នុងន័យនេះ អគ្គនាយកដ្ឋានភស្ដុភារកម្ម ដែលជាសេនាធិការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តការងារយ៉ាងសកម្មលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី «ភស្ដុភារកម្ម» ដែលជាឯកសារគតិយុត្តដ៏មានសារៈសំខាន់ និងជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការជួយជំរុញនូវខឿនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ អាចទទួលបានចំណេះដឹងបន្ថែម និងយល់ដឹងពីសារៈសំខាន់ នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្មនៅកម្ពុជា ដែលពាក់ព័ន្ធទៅនឹងបណ្តាអង្គភាព និងស្ថាប័នរបស់ខ្លួន ក្នុងគោលបំណងចូលរួមពង្រឹងពង្រីក និងអភិវឌ្ឍបន្ថែម ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទៅលើការប្រតិបត្តិការ និងការផ្តល់សេវាភស្តុភារកម្ម ឬ(ឡូជីស្ទីក)ក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

ដោយ៖ ពេជ្រ សំអឿន,ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន





