ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមចាប់ត្រីរួមគ្នានៅបឹងអភិរក្ស ដែលជាទំនៀមទម្លាប់របស់ប្រជាជនភូមិបង្កោង សម្រាប់យកត្រីទៅធ្វើម្ហូបឡើងមាឃ ឬឡើងអ្នកតា
AKP សៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-- ប្រជាពលរដ្ឋដែលរស់នៅតំបន់រមណីយដ្ឋានអង្គរ នៅតែរក្សា និងគោរពបានយ៉ាងល្អប្រសើរ នូវទំនៀមទំម្លាប់ ប្រពៃណីនៃការរស់នៅប្រចាំថ្ងៃតាមបែបពីបុរាណ។ ជាក់ស្តែងប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជារៀងរាល់ឆ្នាំក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ តែងតែធ្វើពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានឡើយ។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិ រួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តងក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា ដូចសព្វរាល់ដងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ប្រុស ស្រី ចាស់ ក្មេង និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានមកប្រមូលផ្តុំគ្នានៅបឹងអភិរក្សមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាប់ត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមរបស់ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

លោកអភិបាលស្រុកបានបន្តថា ពិធីនេះមានសារៈសំខាន់ណាស់ទី១ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ទី២ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ និងអ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេលគេស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ នឹងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ។
លោកបានបន្តថា កាលពីមុនពិធីចាប់ត្រីនេះ អ្នកមកចូលរួមគឺមានអ្នកភូមិបង្កោងប៉ុណ្ណោះ ប៉ុន្តែឥឡូវដោយមានការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឱ្យមានការចូលរួមច្រើនមកពីគ្រប់ទិសទី មានទាំងភ្ញៀវទេសចរបរទេសផងដែរ។ ដូចនេះ អាជ្ញាធរមានគម្រោងបន្តលេងកូនត្រីនៅក្នុងបឹងនេះបន្ថែម ហើយដល់ខែទឹកឡើងដាក់ព្រួលការពារកុំឱ្យត្រី នៅក្នុងបឹងនេះកុំឱ្យត្រីចេញទៅខាងក្រៅ។ ជាពិសេសនោះ គឺអាជ្ញាធរមានគម្រោងរៀបចំធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះទទួលបានចំណូលដោយផ្ទាល់។

លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានេះ បានធ្វើឡើងនៅម៉ោង៧ព្រឹក ដោយគណៈកម្មការភូមិបាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបាន។ ដោយប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ចំពោះការចាប់ត្រីនេះដែរ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវទុកចាប់រួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។ លោកថា សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្តែដោយសារឆ្នាំនេះ អ្នកចុះចាប់មានចំនួនច្រើន ចឹងហើយអ្នកចាប់បានម្នាក់បន្តិចៗ៕
ដោយ ឃុត សៅ





