មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ គឺប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ
AKP ត្បូងឃ្មុំ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥-
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនេត្រភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ណែនាំដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ គឺប្រព័ន្ធផ្សព្វផ្សាយគឺមានភាពទូលំទូលាយ ខណៈរាល់ព័ត៌មានទាំងអស់ គឺមិនមែនសុទ្ធតែជាព័ត៌មានពិត និងមានប្រភពច្បាស់លាស់ឡើយ។ ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍ ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក៏មានការអញ្ជើញចូលរួមពី លោក/លោកស្រីជាប្រតិភូក្រសួង លោក/លោកស្រីជាប្រធាន អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក/លោកស្រីជាប្រធាន/អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានជាច្រើនរូប នៅសាលប្រជុំមន្ទីរព័ត៌មាន។


លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានលើកឡើងថា ក្នុងឆ្នាំ២០២៤ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រេចបានការងារជាច្រើន ក្នុងនោះ ការចុះយកព័ត៌មានទាំងរូបភាព វីដេអូ និងសម្លេង គឺតែងតែចុះផ្តិតយកទិដ្ឋភាពនៅទីតាំងផ្ទាល់ ដោយបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ផងដែរ ជាមួយនេះមន្ទីរព័ត៌មានខេត្ត បានផលិតនៅកម្មវិធីផ្សាយ ដែលធ្វើការផ្សព្វផ្សាយលើគេហទំព័ររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក៏ដូចជាមាតិការផ្សព្វផ្សាយនៅលើវេបសាយ(Website) របស់មន្ទីរព័ត៌មានខេត្តផងដែរ។ ជាងនេះទៅទៀតមន្ទីរព័ត៌មានខេត្ត បានធ្វើការផ្សាយផ្ទាល់នៅព្រឹត្តិការណ៍ធំៗនៅក្នុងខេត្តជាច្រើនដែលទទួលបានការសាទរពីសំណាក់មហាជនគ្រប់លំដាប់ថ្នាក់។


ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងារចុះយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត ជាពិសេសក្រុមការងារសាធារណៈមតិ ដែលបានធ្វើការយ៉ាងសកម្មក្នុងការឆ្លើយតប និងប្រតិកម្មរហ័សដើម្បីបង្ក្រាប និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលព័ត៌មានទាំងនោះអាចធ្វើឱ្យមហាជនមានការភ័ន្ធច្រលំ មកលើថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ជំរុញដល់ក្រុមការងារនៃមន្ទីរព័ត៌មានខេត្ត ជាពិសេសក្រុមសាធារណៈមតិ ដែលប្រតិកម្មរហ័ស សូមពិនិត្យ និងធ្វើការឆ្លើយតប ប្រតិកម្មភ្លាមៗរាល់ព័ត៌មានទាំងនោះ ដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិតដើម្បីកុំឱ្យមានការយល់ច្រឡំ ធ្វើឱ្យមហាជនទទួលបានព័ត៌មានមិនពិត។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអរគុណ និងសូមកោតសរសើរដល់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបំពេញកិច្ចការងារក្នុងឆ្នាំ២០២៤ រយៈពេល១ឆ្នាំបានយ៉ាងរលូន និងមានផ្លែផ្កាគួរជាទីមោទនៈ៕
ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ





