ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ
AKP ក្រចេះ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥--គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាបន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

នេះជាការថ្លែងបញ្ជាក់របស់ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តក្រចេះ ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈអង្គសន្និបាតរបស់គណៈបក្សប្រជាជនកម្ពុជារយៈពេល២ ថ្ងៃកន្លងទៅនេះ បានបង្ហាញ នូវសមិទ្ធិផលធំជាច្រើនដែលថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា បក្សនៅទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានការគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ។ ឯកឧត្តមលើកឡើងថា តាមរយៈអង្គសន្និបាតនោះដែរ ក៏បានវាយតម្លៃទៅលើចំនុចខ្លាំង និងចំនុចខ្សោយដែលត្រូវខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ ជាថ្មីម្តងទៀតគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីនូវគោលជំហរ និងបេសកកម្មរបស់ខ្លួន ដែលជាស្មារតីរបស់គណបក្សគឺ “គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារ ប្រជាជន ដើម្បីប្រជាជន”។

នៅក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំគណបក្ស ដើម្បីយកទៅសិក្សា និងអនុវត្តន៍បំពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តក្រចេះ បានអានលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើនដែល គណបក្ស ប្រជាជនកម្ពុជាសម្រេចបានក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។ ទន្ទឹមនេះអង្គសន្និបាតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

អង្គសន្និបាតសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។ ឯកឧត្តបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





