កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
AKP កំពត ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចូលរួមរក្សាបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការការពារផលប្រយោជន៍របស់ជាតិ គឺរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ។ ហើយដើម្បីធានា ថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតបន្តបន្ទាប់ទៅខាងមុខ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាព សាខាបក្សក្រុងស្រុក និងនៅតាមឃុំសង្គាត់សូមពង្រឹងការងារសំខាន់ចំនួន៧ចំណុច។

ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនខេត្តកំពត បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អដ៏ប្រសើរនាពេលកន្លងមក លោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព សាខាបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ហើយក៏តម្រូវអោយអនុវត្តការងារសំខាន់ៗចំនួន៧ចំណុច ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតនាពេលបន្តបន្ទាប់ទៀត។


សូមបញ្ជាក់ថា សមាជិកបក្សប្រជាជនកម្ពុជាខេត្តកំពតសរុបដែលបានបញ្ជូលនៅក្នុងប្រព័ន្ធបញ្ជីឈ្មោះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ពង្រីកបានចំនួន៣១៦ ៤៦១នាក់ (ស្រី ១៧៣១៧៥ក់) ស្មើ ៧២,៧៥% ហើយជាគោលដៅ ឯកឧត្តមប្រធានបក្សខេត្ត ជំរុញឱ្យពង្រីងសមាជិកបន្ថែមឲ្យបានលើសពី៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ខណៈដែលទូទាំងប្រទេស សមាជិកបក្សមានចំនួន សរុប៧ ៣៤៥ ៨០៤ នាក់ (ស្រី៤ ០០៥ ៩៦៤នាក់) ស្មើ៧៣, ៥១% នៃបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានចំនួន ៩ ៩៩២ ៤២១នាក់ (ស្រី ៥ ៣០៤ ៨៥៥នាក់)៕
ដោយ ប្រាក់ លាង





