ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មូស ចូលដល់ក្នុងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីកម្ចាត់មូសខ្លា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ អាជ្ញាធរសង្កាត់ ខណ្ឌ និងប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់មូសចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គិតពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសបានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ ទើបឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញជាលើកទី២ទៀត។ ការណែនាំរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំដកបទពិសោធន៍នៃដំណើរសាកល្បងផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា ឯកឧត្ដម ឃួង ស្រេង តែងតែគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករា ឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្ដមបានណែនាំឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ហើយនៅដើមកុម្ភៈនេះដែរ ឯកឧត្ដមអភិបាលបានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាលើកទី២ទៀត ដោយសារមូសបានកើតមានឡើងវិញ និងមានចំនួនច្រើនទៀត ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះគឺ ធ្វើទូរទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំកន្លងមកវាបានងាប់អស់ហើយ ប៉ុន្តែមូសដែលកើតមានបន្តបន្ទាប់នេះ គឺកើតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកើតចេញបន្ត។

លោកប្រធានមន្ទីរបានបន្តថា ដើម្បីកម្ចាត់ និងលុបបំបាត់មូសខ្លា សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ ដោយធ្វើយ៉ាងណាកុំឱ្យមានទឹកដក់ កុំឱ្យព្រៃ ឬស្មៅដែលជាជម្រក ត្រូវកាប់ឆ្ការចេញឱ្យបានស្អាត៣០០ម៉ែត្រពីផ្ទះ បើមិនអញ្ចឹងទេ បាញ់ថ្នាំយ៉ាងណាក៏វាមិនងាប់មូសអស់ដែរ។ នៅពេលទទួលដំណឹងថា ឯកឧត្តមអភិបាលរាជធានីភ្នំពេញណែនាំឱ្យមន្ទីរសុខាភិបាលចូលបាញ់ថ្នាំសម្លាប់មូសដល់ក្នុងផ្ទះប្រជាពលរដ្ឋរាជធានីភ្នំពេញ បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានី ខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញដែលកន្លងមកបានធ្វើឱ្យយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីការគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ សួស សំរិត





