ឯកឧត្ដម ឃួង ស្រេង ប្រកាសទទួលស្គាល់សមាជិក៣៣រូបព្រមរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម៉្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត និងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបីកាលណោះ បរទេសគេបានហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់សមាជិក៣៣រូប ព្រមរួមរស់ជីវភាព ជាមួយ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួន ថា ខ្លួនបានរស់រានមានជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។

ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តទៀតថា សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់ និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដដៃ ដោយកន្លងមកបានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមបានបន្តទៀតថា ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះ សំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូនដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញបានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបប ប៉ុល ពតនិងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះ ប្រទេសចេញពីរបបនោះ។ យើងត្រូវរួមគ្នារក្សាសន្តិភាពទប់ស្កាត់ឱ្យបានដាច់ខាតចំពោះរបបប្រល័យពូជសាសន៍៕
ដោយ សួស សំរិត





