ក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយកងពលតូចលេខ៧០ចេញប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសនៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥--ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧១១ កងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានមកកាន់ខេត្តកំពង់ធំ ដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិនានាក្នុងសង្កាត់ទាំង៨ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ ប្រធានក្រុមរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១កងពលតូចលេខ៧០ បានរាយការណ៍ថា ក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសដែលត្រូវធ្វើសកម្មភាពនៅពេលនេះមានចំនួន១៧នាក់ មានរថយន្តសម្រាប់ធ្វើសកម្មភាពចំនួន៦គ្រឿង ម៉ាស៊ីនបាញ់ថ្នាំចំនួន៨គ្រឿង និងគ្រឿងបំពាក់មួយចំនួនទៀតសម្រាប់ធ្វើសកម្មភាពរយៈពេលបីថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថាយោងតាមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានយល់ព្រមនិងបញ្ជាឱ្យកងពលតូចលេខ៧០រៀបចំឧបករណ៍សម្ភារមធ្យោបាយ និងកងកម្លាំងដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានភូមិ សង្កាត់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយអាជ្ញាធរដែនដីក្រុងស្ទឹងសែន និងចៅសង្កាត់ទាំង០៨ ព្រមទាំងប្រជាពលរដ្ឋនៅក្រុងស្ទឺងសែន បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានអនុញ្ញាតឱ្យក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសដើម្បីការពារជំងឺផ្សេងៗ ដែលឆ្លងតាមរយៈមូសខាំ។

ទន្ទឹមនឹងនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន សូមបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមការងារប្រតិបត្តិការប្រកបដោយជោគជ័យ។ បន្ទាប់មក ចៅសង្កាត់ទាំង៨នៃក្រុងស្ទឹងសែន រួមជាមួយក្រុមប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសរបស់កងពលតូចលេខ៧០ បានរួមសហការគ្នាដើម្បីដំណើរការបាញ់ថ្នាំសម្លាប់មូសចាប់ពីល្ងាចថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៥នេះតទៅដើម្បីសុខុមាលភាពរបស់ប្រជាជន៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





