មន្ទីររៀបចំដែនដីចុះប្រកាសបិទផ្សាយនូវឯកសារវិនិច្ឆ័យ ពន្លឿនចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានចុះពិនិត្យសកម្មភាព និងពន្លឿននៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលបានប្រកាសតំបន់វិនិច្ឆ័យជូនប្រជាពលរដ្ឋនៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អាចយកទៅប្រើប្រាស់ និងធ្វើជាឯកសារផ្លូវច្បាប់ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានសម្ដេចធិតី ហ៊ុន ម៉ាណែត ជាប្រមុខ បានឱ្យក្រសួងរៀបចំដែនដីបង្កើតការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជាបន្តបន្ទាប់ទៀត ។

ទន្ទឹមនឹងនេះ លោកបានឱ្យដឹងថា ក្រុមការងារកំពុងបំពេញសកម្មភាពបោះបង្គោលព្រំចុះវាស់វែងផ្នែកខាងមុខ និងមានប្រជាពលរដ្ឋមកបំពេញឯកសារសុំសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័២ភូមិ បានចំនួន១៥៧គ្រួសារ ស្មើនឹង១,៥៣០ក្បាលដី និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយសហការជាមួយមន្ត្រីជំនាញ ដើម្បីឱ្យដំណើរការងារចុះកំណត់ព្រំ វាស់វែង និងបំពេញឯកសារទទួលសិទ្ធិកាន់កាប់ដីធ្លីលក្ខណៈជាប្រពន្ធ័នាពេលនេះប្រព្រឹត្តទៅដោយរលូនឆាប់រហ័ស ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអនុប្រធានបានបង្ហាញពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនម្ចាស់ដី៕

ដោយ បៃ ស៊ីថុន





