សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង សហការរៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ»
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- សាលាភូមិន្ទរដ្ឋបាលបានសហការជាមួយសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង រៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញនៃទូទៅនៃរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ក្នុងគោលដៅក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធន៍ និងឧត្តមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលប្រទេសកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ។

សន្និសីទនេះបានរៀបចំបទបង្ហាញដោយវាគ្មិនកិត្តិយសគណៈប្រតិភូនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង លើប្រធានបទចំនួន៤ រួមមាន៖ ១. បរិវត្តកម្មរួមគ្នានៃមុខងារ រចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ ២. ការពិនិត្យរដ្ឋបាលផ្ទៃក្នុង ៣. ៨០ឆ្នាំនៃអង្គការសហប្រជាជាតិ ១៩៤៥-២០២៥ (សមិទ្ធផល និងបញ្ហាប្រឈម) និង៤. ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា ទស្សនវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបិទសន្និសីទ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យវាគ្មិន និងគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំងទាំងអស់ដែលបាន ចែករំលែកចំណេះដឹង បទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងទស្សនៈល្អៗ ដល់អង្គពិធីទាំងមូលដែលជាធាតុចូល និងចូលរួមចំណែកគាំទ្រដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះកើតចេញពីគំនិតផ្តួចផ្តើម និងការណែនាំតម្រង់ទិសដោយផ្ទាល់របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការពិភាក្សាជាបន្តបន្ទាប់ជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង ក្រោមកិច្ចសម្របសម្រួលដោយលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង រហូតឈានដល់ការកំណត់រួមគ្នាអំពីទស្សនទាននៃសន្និសីទអន្តរជាតិនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សន្និសីទដ៏មានសារៈសំខាន់នេះនឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធន៍ និងឧត្តមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលប្រទេសកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ៕


ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងមុខងារសាធារណៈ)





