សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំច្បាប់សន្តិសុខសាយប័រ ឱ្យបានឆាប់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងពាក់ព័ន្ធ រួមសហការគ្នា ពន្លឿនការរៀបចំច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បីការពារ កសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពន្លឿនការររៀបចំសេចក្តីព្រៀងគោលនយោបាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាឈានមុនថ្មីៗ រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ និងបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំសូមឱ្យក្រសួងស្ថាប័នដែលពាក់ព័ន្ធ នៅក្នុងការរៀបចំនូវច្បាប់សន្តិសុខ សាយប័រ សូមសហការគ្នាដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្ត ដើម្បីយើងបន្តដំណើរតទៅទៀត ឱ្យបានឆាប់ ទៅតាមសំណូមដែលឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើង»។
លើសពីនេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យបន្តគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្ត និងការអភិវឌ្ឍវិស័យប្រៃសណីយ៍បន្តទៀត ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជា ឆ្នាំ២០៥០៕
ដោយ៖ គង់ សិរីរ័ត្ន,រូបថត៖ គល់ រ៉េននី





