រដ្ឋមន្ត្រីក្រសួងវប្បធម៌ទទួលហូលពិតានជូនចំនួន៤០ផ្ទាំង ពីអង្គការគាំពារកុមារខ្មែរ CYK
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការអនុញ្ញាត ក្រុមអង្គការគាំពារកុមារខ្មែរ (Caring for young khmer) ហៅកាត់ CYK ដឹកនាំដោយលោកស្រី Harumi Sekiguchi លោកស្រី ចាន់ ស្រី និង លោក ព្រំ ប៊ុនធឿន ជួបសម្តែងការគួរសម និងប្រគល់ហូលពិតានជូនចំនួន៤០ផ្ទាំង នៅសារមន្ទីរជាតិកម្ពុជា។

ក្នុងជំនួបនោះ ក្រុមការងារជប៉ុនបានប្រគល់ហូលពិតានសរុបចំនួន ៤០ផ្ទាំង ជូនក្រសួងដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។ គួររំឮកផងដែរថា កាលពីអំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បានប្រគល់ហូលពិតានមកកាន់សារមន្ទីរជាតិកម្ពុជាចំនួន២លើកម្តងមកហើយ លើកទី១សរុបចំនួន២៣ផ្ទាំង និងលើកទី២សរុបចំនួន២ផ្ទាំង។ សមុច្ច័យទាំង៤០ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរនារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ ។ ក្បាច់លម្អដែលមាននៅលើផ្ទាំងសូត្របានរម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃនិងជំនឿនានាដែលខ្មែរគោរពប្រតិបត្តិ ជាពិសេសគឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។

លោកស្រី Harumi Sekiguchi បញ្ជាក់ថា គោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុមការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។

សារមន្ទីរសង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងពិនិត្យលទ្ធភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចដែលក្រុមការងារជប៉ុននេះបានធ្វើនាថ្ងៃនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វែងយល់មរតកអរូបីដែលដូនតាខ្មែរបានបន្សល់ទុក៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





