រដ្ឋបាលស្រុកអង្គរបូរីទទួលបានកូនឈើចំនួន១ម៉ឺនដើម ពីឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដើម្បីយកទៅដាំក្នុងព្រៃសហគមន៍ទេសចរណ៍ភ្នំដា តាមទីសាធារណៈ តាមវត្តអារាម និងតាមបណ្ដោយផ្លូវ
AKP តាកែវ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--រដ្ឋបាលស្រុកអង្គរបូរីបានទទួលកូនឈើចំនួន១ម៉ឺនដើម ពីឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដើម្បីដាំនៅក្នុងព្រៃសហគមន៍ទេសចរណ៍វប្បធម៌ភ្នំដា ទីសាធារណៈ វត្តអារាម និងតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រស្រុកអង្គរបូរី។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម ទួន ស៊ី ផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកអង្គរបូរី អាជ្ញាធរឃុំ-ភូមិ យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំអង្គរបូរីស្រុកអង្គរបូរីខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធទី២៧ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា ការផ្ដល់កូនឈើដល់រដ្ឋបាលស្រុកអង្គរបូរីនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែកពង្រីកគម្របបៃតងក្នុងមូលដ្ឋានស្រុក លើកកម្ពស់សោភណភាព បង្កើតបរិយាកាសស្រស់ស្អាតនិងបរិសុទ្ធ នៅតាមទីសាធារណៈ វត្តអារាម តាមដងផ្លូវ ពិសេសនៅក្នុងតំបន់ព្រៃសហគមន៍ទេសចរណ៍វប្បធម៌ភ្នំដា។ម្យ៉ាងទៀតគឺដើម្បីបំផុសស្មារតីរួមគ្នាស្រឡាញ់ធម្មជាតិ ជំរុញទឹកចិត្តដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋ ឱ្យចូលរួមសកម្មភាពដាំដើមឈើ ថែរក្សា និងការពារធនធានធម្មជាតិ ដើម្បីកសាងមូលដ្ឋានឱ្យកាន់តែមានសោភណភាព និងបរិស្ថានល្អប្រសើរ។

ឯកឧត្តម ទួន ស៊ីផាន់ ក៏បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ចូលរួមថែទាំ និងការពារដើមឈើដែលបានដាំទាំងនេះ ឱ្យអស់ពីលទ្ធភាព ដើម្បីធានាថាដើមឈើអាចលូតលាស់បានល្អ និងផ្តល់ប្រយោជន៍ដល់សហគមន៍នាពេលអនាគត។

ឯកឧត្តម ទួន ស៊ីផាន់ បានមានប្រសាសន៍បន្ថែមថា ការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី។ព្រមទាំងផ្ដល់នូវអនុផលព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ការរួមគ្នាដាំដើមឈើនៅតាមលំនៅដ្ឋាន តាមដងផ្លូវសាធារណៈ តាមវត្តអារាម តាមរបងផ្ទះ និងតាមរមណីយដ្ឋានក្នុងស្រុក នឹងប្រែក្លាយភូមិ-ឃុំ-ស្រុករបស់យើង ទៅជាតំបន់ទេសចរណ៍ ដែលមានសោភណភាពបៃតងស្រស់បំព្រង លម្អដោយផ្ការីកស្គុះស្គាយគ្រប់រដូវ។កត្តានេះអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀត។

លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដែលបានផ្ដល់អំណោយកូនឈើចំនួន១ម៉ឺនដើម ដល់រដ្ឋបាលស្រុកអង្គរបូរី។ការទទួលបានកូនឈើនាពេលនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវគម្របបៃតង សម្រាប់ស្រុកប្រវត្តិសាស្ត្រអង្គរបូរី ទឹកដីដ៏មានវ័យចំណាស់របស់ខេត្តតាកែវប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងជាការបំផុសស្មារតី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចេះស្រឡាញ់ ការពារ និងថែរក្សា បរិស្ថាន ព្រៃឈើ ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត៕
ដោយ អ៊ុច សៀង





