ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រ NCX
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រ NCX។

ចាប់តាំងពីការបោះទុនវិនិយោគ លើការផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda ពីឆ្នាំ១៩៩៩ រហូតមកទល់ពេលនេះ ក្រុមហ៊ុន NCX តែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនោះក្រុមហ៊ុនបានផ្តោតសំខាន់លើ៖
១. ស្តង់ដារបច្ចេកទេស និងគុណភាព
២. ល័ក្ខខ័ណ្ឌការងារ
៣. សុវត្ថិភាព និងអនាម័យ
៤. បរិស្ថានកន្លែងធ្វើការ ជាដើម។
ជារួម ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិកកម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ Honda យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិកកម្មករស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។
ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុនក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃ ជាដើម។
រីឯលក្ខខ័ណ្ឌការងារ គឺអនុវត្តន៍ទៅតាមច្បាប់ការងារ និងរក្សាបានបរិយាកាសការងារល្អ រួមទាំងសុវត្ថិភាពការងារ និងអនាម័យសំដៅធានានូវសុខភាពរបស់បុគ្គលិក កម្មករបានល្អប្រសើរ ។
ចំពោះប្រាក់បៀវត្ស ក៏មានលក្ខណៈសមរមស្របតាមស្ថានភាពសេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃផងដែរ ។
លើសពីនេះ រោងចក្រមានរៀបចំកន្លែងចម្រោះទឹកកខ្វក់ឱ្យទៅជាទឹកស្អាត មុនបង្ហូរចេញទៅលូសាធារណៈដើម្បីចូលរួមការពារបរិស្ថានឱ្យបានល្អ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជំរដ្ឋាភិបាល៕
ដោយ៖ គង់ សិរីរ័ត្ន





