មន្ត្រីការទូតរុស្ស៊ី៖ ពិភពលោកសង្ឃឹមថា ជំនួបរវាងលោក ពូទីន លោក ត្រាំ និងលោក ស៊ី នឹងជួយដោះស្រាយភាពវឹកវរបាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ -- អ្នកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា មនុស្សជាច្រើនជុំវិញពិភពលោកកំពុងដាក់ក្តីសង្ឃឹមទៅលើជំនួបនាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ដែលនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិន។
នៅក្នុងការផ្សាយតាមទូរទស្សន៍មួយ អ្នកការទូតរូបនេះបានលើកឡើងថា «នៅក្នុងគ្រាដ៏លំបាកបំផុតសម្រាប់ទំនាក់ទំនងអន្តរជាតិដែលពិភពលោកទាំងមូលកំពុងជួបប្រទះ មេដឹកនាំនៃមហាអំណាចធំៗទាំងបីនឹងមានឱកាសផ្លាស់ប្តូរទស្សនៈគ្នានៅក្នុងក្របខ័ណ្ឌពហុភាគី»។ អ្នកស្រីបានសង្កត់ធ្ងន់ថា «ជាការពិតណាស់ ភ្នែករាប់លាន ឬរាប់ពាន់លានគូ នឹងសម្លឹងមកកាន់ជំនួបនេះ។ មនុស្សម្នាពិតជាដាក់ក្តីសង្ឃឹមខ្ពស់លើជំនួបបែបនេះ។ ហេតុអ្វី? ព្រោះមនុស្សជាច្រើនចង់បញ្ឈប់ការធ្លាក់ចូលទៅក្នុងភាពវឹកវរទាំងស្រុង ហើយវិលត្រឡប់ទៅរកស្ថិរភាពវិញ ឬយ៉ាងហោចណាស់ ក៏អាចដើរលើផ្លូវដែលនាំទៅរកស្ថិរភាពនោះដែរ»។
នៅពេលមុននេះ លោក ត្រាំ បានលើកឡើងថា ជំនួបត្រីភាគីរវាងរូបលោក លោក ពូទីន និងលោក ស៊ី ជីនពីង អាចនឹងធ្វើឡើងនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ លោក យូរី យូស្សាកូវ ជំនួយការវិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា ក្នុងអំឡុងពេលជួបជាមួយលោក ស្ទីវ វីតកូហ្វដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ពូទីនបានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបត្រីភាគីជាមួយលោក ត្រាំ និងលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងស៊ិនជិន នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





