សមាជិកគណៈចលនាមហាជនគ្រប់មូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ
AKP កំពត ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ប្រធានគណៈចលនាមហាជនខេត្តកំពតណែនាំឱ្យសមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីគ្រប់មូលដ្ឋានទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស និងឆ្ពោះទៅដណ្តើមយកជ័យជម្នះ លើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ។


ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជននៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្ត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពត បានកោតសរសើរសមាជិក សមាជិកាទាំងអស់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោត នាពេលកន្លងមក។


ជាមួយគ្នានេះ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស ពិសេសបន្តដណ្តើមយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ឯកឧត្តមប្រធានគណៈចលនាមហាជនខេត្តកំពត បានណែនាំដល់សមាជិក សមាជិកាគណៈចលនាមហាជន គណៈចលនាយុវជន និងក្រុមចលនាស្ត្រីនៅគ្រប់មូលដ្ឋាន បង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗ និងបានលើកទឹកចិត្តដល់ក្រុមយុវជនបន្តវេន ដែលចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ សូមបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញកិច្ចការងារ និងតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីធ្វើជាគំរូល្អ (យុវជនគំរូ ពលរដ្ឋគំរូ មន្ត្រី ឬបុគ្គិលគំរូ) ដែលអាចធ្វើឱ្យប្រជាពលរដ្ឋទូទៅពេញចិត្ត និងទទួលស្គាល់សមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ៕
ដោយ ប្រាក់ លាង





