គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលកំពុងសម្រាកព្យាបាលសុខភាព នៅមន្ទីរពេទ្យព្រះកុសុមៈ។

អមដំណើរលោកជំទាវប្រធានកិត្តិយសនាឱកាសនោះ រួមមាន៖ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ, លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក វិស័យព័ត៌មាន, ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន ព្រមទាំងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន ផងដែរ។

ការចុះសួរសុខទុក្ខនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ សាមគ្គីភាព និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាគណៈកម្មាធិការសមាគម អ.ន.ក វិស័យព័ត៌មាន ចំពោះមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនជាតិមាតុភូមិ នាពេលកន្លងមក។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ព្រមទាំងគណៈប្រតិភូទាំងអស់ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ព្រមទាំងបានជូនពរដល់ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ សូមឱ្យឆាប់បានជាសះស្បើយពីជំងឺ ដើម្បីមានសុខភាពល្អបរិបូរណ៍ និងវិលត្រឡប់មកបំពេញភារកិច្ចជូនក្រសួង និងក្រុមគ្រួសារវិញក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ ទូច វលក័្ខណ (រូបថត៖ លោក ខឹម សុវណ្ណារ៉ា)





