ពិធីសំណេះសំណាលជាមួយមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលបានរៀបចំឡើងនៅសាលាប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាលបានកោតសរសើរ និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរក្នុងការ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានជំរុញឱ្យបុគ្គលិកមន្ទីរសុខាភិបាល និងមណ្ឌលសុខភាពនៅទូទាំងខេត្តកំពង់ស្ពឺ ត្រូវបន្តការយកចិត្តទុកដាក់ប្រឹងប្រែង បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ គុណភាព ប្រសិទ្ធភាព សមធម៌ និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ។


ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរសុខាភិបាលបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកទឹកចិត្តដល់ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ ក្នុងការយកទៅអនុវត្ត ដូចជា៖ ខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ លើកកម្ពស់សុខុមាលភាព ដែលជាអាទិភាពខ្ពស់របស់វិស័យសុខាភិបាល បម្រើសេវាប្រកបដោយគុណភាព យកចិត្តទុកដាក់ បុគ្គលិករួសរាយរាក់ទាក់ និងឥរិយាបថល្អ ពិសេសខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហការជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត៕


ដោយ លឹម សាន្ត





