នាវាកងទ័ពជើងទឹកភូមិន្ទកាណាដាបានចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីការចូលចតធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- នាវាកងទ័ពជើងទឹកភូមិន្ទកាណាដាចំនួន០១គ្រឿង មានឈ្មោះ HMCS OTTAWA - FFH 341 (Frigate. Helicopter) បានចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតនៅកំពង់ផែស្វយ័ក្រុងព្រះសីហនុរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែកុម្ភៈ ឆ្នាំ២០២៥) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ដោយមានការជូនដំណើរនិវត្តន៍ពីនាយ នាយរងមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។


ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចល្បាតរបស់កងទ័ពជើងទឹកភូមិន្ទកាណាដា ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរឹតបណ្តឹងចំណងសាមគ្គីភាព មិត្តភាព ដែលរួមមានការល្បាត លំហាត់សង្គ្រោះបន្ទាន់ កាលេងកីឡា និងកម្មវិធីចម្រុះក្នុងសហគមន៍។ ដំណើរទស្សនកិច្ចរបស់ HMCS OTTAWA ជួយពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសកាណាដា ព្រមទាំងពង្រឹងការបេជ្ញាចិត្តរួមគ្នាក្នុងការគោរពច្បាប់អន្តរជាតិ ក្នុងនាមជាប្រជាជាតិនៃតំបន់ប៉ាស៊ីហ្វិក ការពង្រឹងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូរក្នុងតំបន់ គឺជាអាទិភាពមួយ ហើយកាណាដាមានបំណងចម្បង ក្នុងការសហការជាមួយប្រទេសកម្ពុជា នាពេលអនាគត។


សូមជម្រាបជូនថា លក្ខណៈបច្ចេកទេសនាវាកងទ័ពជើងទឹកកាណាដា HMCS OTTAWA - FFH 341 (Frigate. Helicopter) មានបណ្ដោយ ១៣៤.៧ម៉ែត្រ ទទឹង ១៦.៥ម៉ែត្រ ជម្រៅទឹក ៧.៥ ម៉ែត្រ ទម្ងន់ផ្ទុក ៥ ១០០តោន ល្បឿន ៣០knots និងមានឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង៕

ដោយ ងូ សុមុនី





