ស្រូវប្រាំងជាង១ពាន់ហិកតារបស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានជួយសង្គ្រោះ
AKP សៀមរាប ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- អាជ្ញាធរខេត្ដសៀមរាបបាន និងកំពុងមមាញឹកបើកទឹកស្ទឹងសៀមរាប ដើម្បីជួយស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករជាងមួយពាន់ហិកតា ទៅតាមការស្នើរសុំរបស់ពួកគាត់យកទៅស្រោចស្រពស្រូវដែលប្រឈមនឹងកង្វះខាតទឹក នៅសង្កាត់ចំនួនពីររួមមានសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ខេត្ដសៀមរាប។ ការបើកទឹកស្ទឹងសៀមរាបបញ្ចូលទៅតាមស្រែប្រាំងប្រជាកសិករនេះបានធ្វើឡើង ចាប់ពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមកដល់ថ្ងៃនេះ។ ប្រភពទឹកដែលហូរចេញពីស្ទឹងសៀមរាប បានបូមបញ្ចូលស្រែខ្លះហើយ បន្ទាប់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុន ស្ថាបនាដងស្ទឹងសៀមរាបបើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប និងចុងឃ្នៀសនោះ។

ប្រជាកសិករបានលើកឡើងថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះប្រឈមនឹងស្វិតស្រពោន ហើយអាចឈានដល់ការបាត់បង់ទិន្នផល បើសិនជាគ្មានទឹកគ្រប់គ្រាន់។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដក្រុងក៏ដូចស្ថាប័នពាក់ព័ន្ធបានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ កង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាបដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាបនោះកំពុងកែលម្អ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ដ និងស្ថាប័នពាក់ព័ន្ធដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់ ដែលនេះបង្ហាញពីការយកចិត្ដទុកដល់ប្រជាកសិករ របស់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា ទំហំដីស្រែប្រាំងក្នុងសង្កាត់សៀមរាបដែលប្រើប្រាស់ទឹកស្ទឹង (ប៉ែកខាងកើតភ្នំក្រោម) មានចំនួន១០១០ហិកតា ដោយឡែកដីស្រែប្រាំងនៅសង្កាត់ចុងឃ្នៀស (ជាអតីតដីស្រែប្រាំងសង្កាត់សៀមរាប) ហើយប្រើប្រាស់ទឹកស្ទឹងផងដែរមានចំនួន៣៤៤ហិកតា ដែលសរុបមានចំនួន ១៣៥៤ហិកតា៕


ដោយ ឃុត សៅ





