រដ្ឋមន្ត្រីក្រសួងអប់រំវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្សខេត្តត្បូងឃ្មុំ ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំកន្លងទៅ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់សិស្សានុសិស្សខេត្តត្បូងឃ្មុំ ជាពិសេសក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំកន្លងទៅ ដែលអត្រាសិស្សប្រឡងជាប់មានរហូតដល់ជិត៨០ភាគរយ និងសិស្សដែលទទួលនិទ្ទេស A រហូតដល់៧០នាក់។ ការវាយតម្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនបុគ្គលិកអប់រំ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះមានមុំ២ ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល និងបានដាក់ចេញនូវវិធានគន្លឹះក្នុងវិស័យអប់រំចំនួន៤ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ជាការឆ្លើយតប ក្រសួងអប់រំ យុវជន និងកីឡាបានកំណែទម្រង់វិស័យអប់រំ និងគោលនយោបាយអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដែលក្នុងនោះរួមមាន កំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិផ្អែកលើគោលការណ៍យុត្តិធម៌ និងតម្លាភាព កំណែទម្រង់គ្រូបង្រៀន ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ កំណែទម្រង់សាលារៀន ដែលរួមមាន ការកែលម្អភាពជាអ្នកដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្ត តេស្តស្តង់ដា ដូចជា តេស្ត PISA ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់មាតាបិតា និងសហគមន៍ លើកកម្ពស់ការអប់រំកុមារតូច ដែលរួមមាន ការទទួលបាននូវអាហារូប ត្ថម្ភបានគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពរបស់ម្តាយ ការរៀនតាមរយៈការលេង និងអភិវឌ្ឍគ្រូមត្តេយ្យ លើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន ដែលរួមមាន កម្មវិធីអំណានកម្រិតដំបូង និងគណិតវិទ្យាកម្រិតដំបូង ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាន និងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅគ្រប់តំបន់ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥ ដែលក្រសួងបានដាក់ចេញជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





