ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី កោតសរសើរចំពោះកិច្ចសហការល្អរបស់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ នៅស្នងការដ្ឋាន កាលពីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានកោតសរសើរចំពោះការខិតខំប្រែង និងកិច្ចសហការល្អរបស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួនាទី ភារកិច្ច ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណៈ ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ។

ជាមួយគ្នានោះដែរ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ក៏បានធ្វើការស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយស្នងការនគរបាលខេត្តក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការ និងផ្តល់ព័ត៌មានមកការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ និងមន្ត្រីថ្នាក់ដឹកនាំតំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានស្វាគមន៍ និងជួយសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់ក៏ដូចជាបងប្អូនជនជាតិជប៉ុនតាមផ្លូវច្បាប់ និងចំពោះអ្នកវិនិយោគជប៉ុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានល្អ និងចុងបញ្ជប់លោកឧត្តមសេនីយ៍ស្នងការរងសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដែលបានអញ្ជើញមកជួបសួរសុខទុក្ខ សូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ឈុន សារ៉ាត





