បទវិចារណកថា៖ កម្ពុជាមិនស្រែកឃ្លានចង់បានផលប្រយោជន៍ពីប្រភពចំណូលខុសច្បាប់ នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- ទំហំទឹកប្រាក់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប៉ាន់ប្រមាណថា មានតម្លៃពី៨៨,៣ពាន់លានដុល្លារ ទៅដល់១១៤,១ពាន់លានដុល្លារ ប៉ុន្តែកម្ពុជាមិនស្រែកឃ្លានចង់បានផលប្រយោជន៍ពីប្រភពចំណូលខ្មៅ និងប្រផេះ ដែលកើតពីផលនៃឧក្រិដ្ឋកម្ម ដែលបឺតជញ្ជក់ញើសឈាម និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ ក្នុងការជីកឫគល់នៃឧក្រិដ្ឋកម្មនេះ និងបោសសម្អាតឱ្យអស់ពីផ្ទៃប្រទេស។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានប៉ាន់ប្រមាណកាលពីឆ្នាំ២០២៥ថា ឧក្រិដ្ឋជននៅក្នុងបណ្តាញឧក្រិដ្ឋកម្មនេះបានធ្វើសកម្មភាពពាសពេញតំបន់អាស៊ីបូព៌ា អាស៊ីអគ្នេយ៍ អូស្រ្តាលី និងណូវែលហ្សេឡង់ ដោយកើបបានប្រាក់ចំណូលប្រមាណពី ៨៨,៣ពាន់លានដុល្លារទៅ ១១៤,១លានដុល្លារ តាមរយៈសកម្មភាព និងបណ្តាញដ៏ទូលំទូលាយ។
ប្រភពដដែលនោះបានបន្តថា មនុស្សរាប់សិបនាក់មកពីប្រមាណជា ៨០ប្រទេស និងដែនដី ចាប់ពីមជ្ឈឹមបូព៌ារហូតដល់អាហ្រ្វិក ត្រូវបានគេទាញចូលទៅក្នុងជំរំប្រមូលផ្តុំនៃសកម្មភាពឧក្រិដ្ឋកម្មនេះនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ កម្ពុជាត្រូវបានគេចោទប្រកាន់ថា ជាប្រទេស និងជាទីតាំង ឬ ជាមជ្ឈមណ្ឌលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយដ៏សកម្ម។ នេះគឺជាការពិតដែលកម្ពុជាមិនដែលបានប្រកែកឡើយ ពីព្រោះតែក្រុមវិនិយោគិនខិលខូចបានមកកម្ពុជា និងបានចាប់ផ្តើមប្រើគម្រោងដែលមានចរិតទុច្ចរិត ហើយរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យទៅប្រឡាក់ប្រឡូសនឹងប្រភពសេដ្ឋកិច្ចខ្មៅ និងប្រផេះ ដែលកម្ពុជាមិនចង់បាន។
បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតដ៏លម្អិតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដែលបាននាំប្រភព និងសកម្មភាពសេដ្ឋកិច្ចខ្មៅ និងប្រផេះចូលមកក្នុងប្រទេស ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មកដល់ពេលនេះ កម្ពុជាបានបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះជាបន្តបន្ទាប់។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអះអាងថា ក្នុងប្រតិបត្តិការរយៈពេលជាង១៤ ខែមកនេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះប្រមាណជា ៣០០លានដុល្លារ។ ក្រៅពីនោះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបទីតាំងឆបោកចំនួន ៦៦៣ ទីតាំង ហើយក្នុងចំណោមនេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក ៨៦ទីតាំង ហើយឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។
នៅក្នុងអំឡុងពេលនេះ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿងសរុបចំនួន ៤៤៦ ករណី កំពុងស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣ ៩២៧ នាក់ រួមមានមេខ្លោង និងគូកន មកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិននឹងជនសង្ស័យជាមន្រ្តីកម្ពុជា ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ ស្របពេលជាមួយគ្នានេះ ជនបរទេស ចំនួនជាង ២២ ០០០ នាក់ មាន៣៨ សញ្ជាតិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។
លេខាធិការដ្ឋាន គ.ប.ឆ.ប. បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្មានទៀតទេទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសកម្មភាពឆបោកមួយចំនួននៅតែបន្តកើតមាន ដោយក្រុមឧក្រិដ្ឋជន ផ្លាស់ប្តូររូបភាពទៅជាប្រតិបត្តិការតូចៗ ដែលលួចលាក់ ផ្សងព្រេង ដើម្បីធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ឬហាងកាហ្វេជាដើម។
ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ សមត្ថកិច្ចកម្ពុជាបាននិងកំពុងតែបន្តប្រតិបត្តិការជាបន្តបន្ទាប់ថែមទៀត ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ដោយប្រមុខរដ្ឋាភិបាលផ្ទាល់។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។
ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាសារនយោបាយច្បាស់លាស់ទៅកាន់ពិភពលោកថា កម្ពុជាមិនមែនជាប្រជាជាតិអោបដៃរង់ចាំទទួលផលពីឧក្រិដ្ឋជន ដែលនាំយកសេដ្ឋកិច្ចខ្មៅ និងប្រផេះចូលប្រទេសឡើយ ហើយកម្ពុជាក៏មិនមែនជាប្រទេសដែលរស់ដោយសារតែសកម្មភាពសេដ្ឋកិច្ចពឹងដង្ហើមពីក្រុមឧក្រិដ្ឋជន ដូចការចោទប្រកាន់របស់ប្រជាជាតិខ្លះនោះឡើយ។
ក្រៅពីនោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ៖ «រួមគ្នាកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្ហាញពីការបើកចំហរប្រទេស និងត្រៀមខ្លួនសហការជាមួយនឹងដៃគូនានា ដើម្បីបន្តបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេស ហើយការពារឧក្រិដ្ឋជនមិនឱ្យវិលប្រឡប់មកវិញនៅថ្ងៃណាមួយនៅពេលអនាគត។
សរុបមក បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ដែលមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការបំពុលដល់បរិយាកាសសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះរបស់ប្រទេសដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន។ សម្រាប់កម្ពុជា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ គឺជាកិច្ចការដែលទាមទារឱ្យមានការប្តេជ្ញាចិត្តនយោបាយ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ។
វិធានការដែលបានអនុវត្តក្នុងរយៈពេលកន្លងមក រួមមានការបង្ក្រាបទីតាំងឆបោក ការបង្កកទ្រព្យសម្បត្តិ ការចាត់វិធានការតាមផ្លូវច្បាប់លើមេខ្លោង និងបណ្តាញឧក្រិដ្ឋជន ព្រមទាំងការស៊ើបអង្កេត និងចាត់វិធានការចំពោះមន្ត្រីដែលពាក់ព័ន្ធ សុទ្ធតែបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់ផ្តាច់ប្រភពសេដ្ឋកិច្ចខ្មៅ និងប្រផេះដែលកើតចេញពីឧក្រិដ្ឋកម្មនេះ។ ទន្ទឹមនឹងនេះ ការតាមដាន និងបោសសម្អាតទីតាំងដែលធ្លាប់ជាមូលដ្ឋានឆបោក ក៏ជាជំហានសំខាន់មួយក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃបណ្តាញឧក្រិដ្ឋកម្មនេះផងដែរ។
ទោះជាយ៉ាងណា ការបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនអាចសម្រេចបានត្រឹមការបិទទីតាំង ឬការចាប់ខ្លួនជនល្មើសនៅក្នុងប្រទេសមួយប៉ុណ្ណោះទេ ព្រោះក្រុមឧក្រិដ្ឋជនមានលក្ខណៈឆ្លងដែន និងអាចផ្លាស់ប្តូររបៀបប្រតិបត្តិការបានយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ ទើបកម្ពុជាចាំបាច់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ការគ្រប់គ្រងហិរញ្ញវត្ថុ ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពឆបោកទ្រង់ទ្រាយតូច ឬបណ្តាញថ្មីៗក្លាយជាបញ្ហាធំឡើងវិញ៕
AKP





