គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសាសនា អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងកងកម្លាំងនៃប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គកាដៃគូរនានាចូលរួមផងដែរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅពេញមួយថ្ងៃដោយមានការពិភាក្សា សួរ និងឆ្លើយដេញដោលគ្នារវាងមន្ទីរអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកស្រី ម៉ននី រងី្ស បានជំរុញដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និងជាមួយអង្គការដៃគូ ត្រូវបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាទប់ស្កាត់ ការជួញដូរមនុស្សក្រោមរូបភាព នាំប្រជាពលរដ្ឋទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការស្មុំកូន ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រើប្រាស់ពលកម្មកុមារជាដើម។

ថ្លែងបិទកិច្ចប្រជុំ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ ក៏បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០២៤ ដែលធ្វើឱ្យអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រើប្រាស់កម្លាំងពលកម្មកុមារ មានការថយចុះគួរឱ្យកត់សម្គាល់ និងបានលើកឡើងនូវយុទ្ធសាស្ត្រចំនួន៤ចំណុចនៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ស្របតាមអនុសាសន៍ទាំង៤របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពោលគឺទី១. ការលើកកម្ពស់ការបង្ការទប់ស្កាត់ (រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ) ទី២. ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (បង្ក្រាប និងផ្តន្ទាទោស) ទី៣. កិច្ចគាំពារជនរងគ្រោះ និងទី៤. ការងារច្បាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ៕

ដោយ ហង្ស សៀក





