ប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យនៅស្រុកព្រៃនប់ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម
AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥-- លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចែកជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះចំនួន១គ្រួសារ ដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង មានទីតាំងស្ថិតនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកព្រៃនប់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមការសោកស្តាយជូនចំពោះក្រុមគ្រួសាររងគ្រោះអគ្គិភ័យ ពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង ក្មេងកំព្រានៅទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺធ្វើយ៉ាងណាយើងត្រូវតែជួយបងប្អូន កូន ចៅរបស់យើងឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងអាហារដោយសារតែយើងមិនបានគិតគូរនោះទេ ក្នុងនាមយើងជាប្រធានកាកបាទក្រហមកម្ពុជា សូមចូលររួមការសោកស្ដាយចំពោះក្រុមគ្រួសាររងគ្រោះអគ្គិភ័យនេះផងដែរ។

ជាមួយគ្នានេះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការ អនុសាខាស្រុកព្រៃនប់ ក៏បានធ្វើការក្រើនរំលឹកដល់គ្រួសាររងគ្រោះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀតអំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យនេះអាចនឹងកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងមានការធ្វេសប្រហែសណាមួយ។ ហេតុដូច្នេះមុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងទៀន ធូប ចង្ក្រានហ្គាស បិទកុងតាក់ភ្លើងជាមុនសិន ពិសេសត្រូវថែទាំសុខភាពកូន ចៅ ដោយធ្វើអនាម័យឱ្យបានល្អ ដូចជា ផឹកទឹកស្អាត (ទឹកឆ្អិន) និងចូលរួមដាំដំណាំរួមផ្សំនៅជិតផ្ទះ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យមានជីវភាពល្អប្រសើរឡើងវិញ។
សម្ភារដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន០១គ្រួសារ រួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ២យួរ មី២កេស ទឹកត្រី២យួរ តង់១ កន្ទេល១ សម្ភារផ្ទះបាយ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល៕
ដោយ ងូ សុមុនី





