ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យការអន្តរាគមន៍បូមទឹកស្រោចស្របដំណាំស្រូវរបស់ប្រជាពលរដ្ឋ ខ្វះទឹកក្នុងស្រុកស្រីសន្ធរ
AKP កំពង់ចាម ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥--
ដើម្បីធានាបានទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនៅស្ថានីយបូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ដើម្បីពិនិត្យមើលស្ថានភាព បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ បូមដាក់លើដំណាំស្រូវរដូវប្រាំងរបស់ ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរដែលប្រឈម និងការខ្វះទឹក សម្រាប់ដំណាំស្រូវឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមអភិបាលខេត្តក៏ធ្វើការណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ស្រុកត្រូវតាមដានជាប្រចាំ និងឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងត្រៀមធ្វើអន្តរាគមន៍ជួយពួកគាត់បានទាន់ពេលវេលា ពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្រូវតាមដានដោយយកចិត្តទុកដាក់បំផុតលើសកម្មភាពបង្កបង្កើនផលរបស់ប្រជាកសិករយើងបើជួបបញ្ហាកង្វះខាតទឹកត្រូវតែជួយអន្តរាគមន៍ ជួយពួកគាត់។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា នៅស្ថានីយបូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន៧គ្រឿង បូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋស្រោចស្រពដំណាំស្រូវ លើផ្ទៃដីក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន៧ឃុំ ដែលមានទំហំដីស្រែប្រមាណជាង៨០០០ហិកតា។ បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀតរបស់ខេត្តកណ្ដាល ក៏បានទទួលទឹកពីប្រព័ន្ធធារាសាស្ត្រនេះទៅស្រោចស្រពដំណាំរបស់ពួកគាត់ផងដែរ៕

ដោយ ឆាយ ម៉ុត





