ប្រជានេសាទអូសលៀសឃុំកំពង់ឃ្លាំងសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្ត
AKP សៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- បងប្អូនប្រជានេសាទដែលមានមុខរបរអូសលៀសចិញ្ចឹមគ្រួសារចំនួន២៨នាក់ តំណាងឱ្យគ្រួសារនេសាទដែលមានមុខរបរដូចគ្នាចំនួន១០០គ្រួសារ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំគ្នាមកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប នៅពេលដែលក្រុមចម្រុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបហាមឃាត់ពួកគេមិនឱ្យធ្វើការនេសាទជាបន្តទៀត ដែលការសុំអន្តរាគមន៍នេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប។ តំណាងប្រជានេសាទទាំង២៨នាក់ ត្រូវបានលោកនាយករងរដ្ឋបាលសាលាខេត្តអញ្ជើញចូលក្នុងសាលប្រជុំ ដើម្បីធ្វើការជួបសំណេះសំណាលដោះស្រាយគ្នាជាលក្ខណៈគ្រួសារខ្មែរ។

ក្នុងជំនួបសំណេះសំណាល តំណាងប្រជានេសាទបានជម្រាបជូនដល់លោកនាយរងរដ្ឋបាលសាលាខេត្តថា ការនេសាទអូសលៀសនេះ ពួកគាត់បានបន្តមុខរបរពីឪពុកម្តាយ យាយតារបស់ពួកគេជាយូរលុងមកហើយ ដើមី្បចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ។ ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ពួកគាត់ត្រូវបានក្រុមការងារបង្រ្កាបបទល្មើសជលផល និងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ បានធ្វើការប្រជុំផ្សព្វផ្សាយដល់ប្រជានេសាទនៅឃុំកំពង់ឃ្លាំង មិនឱ្យចេញទៅប្រកបរបរនេសាទដូចមុនៗនោះឡើយ ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភគ្មានអ្វីចិញ្ចឹមជីវិត និងគ្មានលទ្ធភាពជួយឧបត្ថម្ភថវិកាដល់ការសិក្សារបស់កូនៗពួកគាត់តទៅមុខទៀតឡើយ។

លោក ស៊ុន ចំណាន នាយរងរដ្ឋបាលសាលាខេត្ត បានសម្តែងពីទុក្ខព្រួយរបស់បងប្អូនប្រជានេសាទ ដែលមានមុខរបរអូសលៀសចិញ្ចឹមជីវិតទាំងអស់ ដោយសន្យាថារាល់សំណូមពររបស់បងប្អូនដែលបានលើកឡើងនេះ លោកនឹងដាក់ជូនគណៈអភិបាលខេត្តធ្វើការដោះស្រាយពីទុក្ខកង្វល់របស់បងប្អូន។ ហើយម៉្យាងទៀតនៅពេលខាងមុខនេះ ក្រុមការងារខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្តនឹងចុះជួបបងប្អូនដោយផ្ទាល់ផងដែរ។
ឆ្លៀតឱកាសជួបសំណេះសំណាលនោះ លោក ស៊ុន ចំណាន បានគូសបញ្ជាក់ថា ធនធានបឹងទន្លេសាបយើងពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែបាត់បង់ពពួកមច្ឆាមួយចំនួន ព្រមទាំងព្រៃលិចទឹកផងដែរ។ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញបានថា ចំពោះការនេសាទអូសលៀសនៅក្នុងបឹងទន្លេសាបនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវចម្រុះក្នុងបឹងទន្លេសាប ធ្វើឱ្យបាត់បង់ទីជម្រកពងត្រី និងធ្វើឱ្យផ្ទៃទឹកបាតទន្លេប្រកបដោយជាតិពុលទៀតផង។ ការនេសាទអូសលៀសនេះដែរមានទំហំធំធេងខុសប្លែកពីសម័យមុន ដោយប្រើឧបករណ៍ទំនើបៗធ្វើការអូសទាញ ដែលធ្វើឱ្យការកកើតនៃលៀសធំធាត់មិនទាន់ទៅតាមតម្រូវការរបស់យើងឡើយ ដែលជាហេតុធ្វើឱ្យអន្តរាយពូជលៀសក្នុងបឹងទន្លេសាប។ ហើយម្យ៉ាងទៀត ការនេសាទនេះមិនត្រឹមបំពេញតម្រូវការរបស់មនុស្សនោះទេ ថែមទាំងយកទៅធ្វើជាចំណីសត្វទៀតផង។ អញ្ចឹងហើយដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការនេសាទហួសប្រមាណដែលអាចបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការនេសាទបែបពាណិជ្ជកម្មលើបឹងទន្លេសាបត្រូវបានហាមឃាត់ ក្នុងគោលបំណងដើម្បីស្តារ និងជំរុញការអភិរក្សធនធានធម្មជាតិបឹងទន្លេសាបផងដែរ។

លោក ស៊ុន ចំណាន ក៏បានធ្វើការណែនាំ និងផ្តល់នូវគំនិតល្អៗមួយចំនួនដល់បងប្អូនប្រជានេសាទ ត្រូវចេះធ្វើការកែប្រែខ្សែជីវិត និងសេដ្ឋកិច្ចរស់នៅរបស់បងប្អូន ចេញផុតពីការនេសាទមកប្រកបរបរផ្សេងៗ មិនត្រូវពឹងផ្អែកទៅលើការនេសាទមួយមុខនោះទេ គឺត្រូវធ្វើការបណ្តុះបណ្តាលកូនចៅ ឱ្យបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ដើមី្បកសាងអនាគតឱ្យពួកគេចៀសផុតពីតំណក្នុងការធ្វើនេសាទនេះ៕
ដោយ ហង្ស សៀក





