ព្រឹកនេះសម្តេចធិបតីនឹងអញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦នេះ នឹងអញ្ជើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃនេះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិនេះបានរំលេចអំពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនមួយនេះ ក្នុងនាមកម្ពុជាជាប្រទេសរងគ្រោះមួយដែរនោះ។

សន្និសីទអន្តរជាតិនេះនឹងមានប្រទេសជាង ២០ចូលរួម មានដូចជា សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូ ដែលវាគឺជាការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងមន្ត្រីអនុវត្តច្បាប់មកពីបណ្តាប្រទេសនានាឱ្យមកអង្គុយជុំគ្នា ធ្វើការសិក្សា ពិភាក្សា និងលើកជាទស្សនៈរួម ក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដែលកំពុងគម្រាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ ហើយបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់កម្ពុជានៅមុនសន្និសីទនេះចាប់ផ្តើមថាការចូលរួមរបស់បណ្តាប្រទេស រួមនឹងស្ថាប័នអន្តរជាតិ និងអង្គការដៃគូផងនោះនឹងក្លាយជាកម្លាំងរួមដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំង និងឈានទៅដល់ការបិទបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ព្រោះថាប្រទេសមួយតែម្នាក់ឯងមិនអាចធ្វើការងារនេះបានឡើយ ចាំបាច់ត្រូវរួមគ្នា គាំទ្រគ្នា ចែករំលែកបទពិសោធន៍ឱ្យគ្នា និងជួយបណ្តុះបណ្តាលគ្នា ដើម្បីការបំពេញការងារនេះឱ្យជោគជ័យ។
សូមជម្រាបថា នៅក្រោយការថ្លែងបើកសន្និសីទដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏នឹងចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាកម្រិតខ្ពស់លើប្រធានបទស្ដីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» ដែលជារបៀបវារៈទី១។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជានឹងរំលេចពីសារបាន និងមូលហេតុនៃការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងរវាងបទល្មើសនេះជាមួយបទល្មើសផ្សេងទៀត យន្តការ និងលទ្ធផលបង្ក្រាបក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ការប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបំផុសគំនិតពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការបើកចំហរ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់។ បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសង្កត់ធ្ងន់ជូនអង្គវេទិកាអំពីអាទិភាព នៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផល និងបទពិសោធន៍ជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប ព្រមទាំងចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយកទៅពិចារណា និងរួមគ្នាដោះស្រាយក្នុងក្របខណ្ឌមនុស្សជាតិ សំដៅលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ចាន់ សុភឿន





