លោក ជិន ប៊ុនធឿន ដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយទិសដៅផែនការអនុវត្តបន្តរបស់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- នៅទីស្នាក់ការសាខាកាកបាទកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយទិសដៅផែនការអនុវត្តបន្តរបស់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជានាយករង ប្រធាន អនុប្រធានការិយាល័យទាំង៥ មន្ត្រីប្រតិបត្តិសាខា អនុសាខាខណ្ឌទាំង១៤ លោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន១០៥នាក់។

លោក ជិន ប៊ុនធឿន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក ព្រមទាំងកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ការលើកកម្ពស់សីលធម៌សង្គម លើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពជនងាយរងគ្រោះ អប់រំផ្សព្វផ្សាយបន្សាំខ្លួន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍ តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ/សង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះ ធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ចល័តក្នុងសហគមន៍ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា។

ជាមួយគ្នានេះដែរ លោកនាយកប្រតិបត្តិក៏ផ្តល់គោលគំនិតថ្មីៗដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដើម្បីអនុវត្តផែនការការងារទទួលបានជោគជ័យ ព្រមទាំងជំរុញលើកទឹកចិត្តឱ្យយុវជនយើងកាន់តែសកម្មការងារមនុស្សធម៌ ជាពិសេសបន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

លោកនាយកប្រតិបត្តិសាខាក៏បានអំពាវនាវដល់យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន អភិក្រមគុណធម៌ និងសីលធម៌ ចៀសចាកឆ្ងាយពីអំពើអបាយមុខទាំងឡាយដែលនាំអាប់ឱនកិត្តិយសខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





