អង្គការ NatureLife រៀបចំកិច្ចប្រជុំសរុបលទ្ធផលកម្មវិធីអប់រំសិក្សាសត្វក្រៀល
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- មន្ត្រីអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ថា កាលពីសប្តាហ៍កន្លងទៅនេះ អង្គការរបស់ខ្លួន បានសហការជាមួយសាលារៀនចំនួនបួនដែលមានទីតាំងជុំវិញតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ រួមមាន សាលាបឋមសិក្សាបន្ទាយធ្លាយ សាលាបឋមសិក្សាក្ដុលជ្រុំ សាលាបឋមសិក្សាសង្គមមានជ័យ និងសាលាបឋមសិក្សាបន្ទាយស្លឹក ដោយរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកម្មវិធីអប់រំសិក្សាសត្វក្រៀល និងបរិស្ថាននាឆ្នាំសិក្សា២០២៣-២០២៤។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងក្រុមការងារសរុបចំនួន១៥នាក់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលនៃកម្មវិធីអប់រំសិក្សាសត្វក្រៀល និងបរិស្ថានក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ការរៀបចំផែនការសម្រាប់ឆ្នាំសិក្សាថ្មី ហើយផលវិបាកដែលសាលាបានជួបប្រទះក្នុងកិច្ចការបង្រៀនកន្លងមក និងការបណ្ដុះបណ្ដាលចែករំលែកពីវិធីសាស្រ្ត និងបទពិសោធន៍បង្រៀន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife ក៏បានប្រគល់សម្ភារសិក្សាមួយចំនួនជូនដល់សាលាទាំងបួន ដើម្បីជាជំនួយសម្រាប់ការបង្រៀន និងសកម្មភាពសិក្សាក្នុងថ្នាក់សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





