ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យបញ្ចប់ការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជននៅឃុំក្រយា
AKP កំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅត្រួតពិនិត្យបញ្ចប់ការសាងសង់ផ្ទះ ចំនួន៦៥ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងបានសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីចំនួន៦៥ខ្នង និងបង្គន់អនាម័យចំនួន៦៥បន្ទប់ បានបញ្ចប់ការសាងសង់ជាស្ថាពរ ព្រមទាំងបានប្រគល់ដីសម្បទានសង្គមកិច្ច ក្នុង០១គ្រួសារចំនួន០១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ចំនួន៦៥គ្រួសារថ្មីទៀត។ បន្ទាប់ពីបានផ្ដល់ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន១៤១គ្រួសារ និងប្រគល់ដីសម្បទានសង្គមកិច្ចចំនួន១ហិកតាកន្លះក្នុង០១គ្រួសាររួចមកហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កាលពីជាងបីឆ្នាំកន្លងទៅ។ គិតមកដល់បច្ចុប្បន្ននេះយើងមានផ្ទះថ្មីសម្រាប់អតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានចំនួន២០៦គ្រួសារហើយ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនក្រុមគ្រួសារអតីតយុទ្ធជននៅតាមខ្នងផ្ទះ ដែលកំពុងរស់នៅកសាងជីវភាពថ្មី និងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតមួយចំនួនផងដែរ។

ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅថ្មីលើដីសម្បទានសង្គមកិច្ចបានថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែយកចិត្តទុកដាក់ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយជីវភាពរស់នៅជូនបងប្អូនអតីតយុទ្ធជនរបស់យើងគ្រប់ពេលវេលា និងបានសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





