រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការដ្ឋានដាក់លូខ្នាតធំ តំបន់បឹងត្របែករំដោះទឹកជន់លិចរដូវវស្សាសម្រេចបាន៦០%ហើយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការដ្ឋានដាក់លូខ្នាតធំ តំបន់បឹងត្របែក ដើម្បីរំដោះទឹកជន់លិចនារដូវវស្សាសម្រេចបាន៦០%ហើយ។ គ្រឿងចក្រកំពុងបន្ដសកម្មភាពឈូសឆាយ អនុវត្តគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធដាក់លូ ខ្នាតធំ ក្រោមការជួយឧបត្តម្ភពីរាជរដ្ឋាភិបាល ដើម្បីរំដោះការជន់លិច នៅតំបន់បឹងត្របែក ពិសេសតាម ប្រឡាយ១០៥ចាប់ពីក្រោយវិទ្យាល័យ យុគន្ធរ ដល់បឹង ត្របែកដែលធ្វើបានរយៈពេល៤ខែសម្រេចបានលទ្ធផល ៦០%ហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

លោកស្រីបានបន្តថា ប្រឡាយបឹងត្របែកបច្ចុប្បន្នមានទទឹងមធ្យម៦ម៉ែត្រដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រ គូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកម្ពស់៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ។ ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើផ្លូវលេខ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ ម៉ែត្រដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទីកើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

ទន្ទឹមនឹងនេះ លោកស្រីបន្តទៀតថា ការងារនេះការដ្ឋានបានសាងសង់ជាង៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ ខាងមុខ និងបានរំលឹកផងណែនាំផងដល់អ្នកចូលចិត្តឃើញរូបភាពមិនដឹងខ្លឹមសារច្បាស់ លាស់ហើយផុសដោយមិនបានសួរនាំឬឆែករកប្រភព ច្បាស់លាស់បានបង្កឱ្យមានការភ័ន្តច្រឡំដល់មហាជន។ បើគ្រាន់តែចង់បានល្បីផេកវាអាចធ្វើ ឱ្យប៉ះពាល់ដល់ស្ថាប័នកំពុងអនុវត្តគម្រោង និងអ្នកទទួលផលគឺប្រជាពលរដ្ឋនៅតំបន់នោះ។ ផេកដែលបង្កើតបញ្ហានេះឡើងអាចប្រឈមនឹងផ្លូវច្បាប់៕

ដោយ សួស សំរិត





