បទយកការណ៍៖ ការចិញ្ចឹមសត្វជន្លេន ឱ្យស៊ីកាកសំណល់សេរីរាង្គ ដោយបំលែងធ្វើជីកំប៉ុស្ដ ដើម្បីជួយរួមចំណែកដល់ការសម្អាតបរិស្ថាន
AKP សៀមរាប ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
វិស័យកសិកម្ម គឺជាវិស័យអាទិភាពក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែកសិករនៅតាមបណ្តាសហគមន៍ក្នុងប្រទេសកម្ពុជាមួយចំនួន នៅតែប្រើប្រាស់ទំនៀមទម្លាប់បុរាណក្នុងការធ្វើកសិកម្ម ដោយសារតែមិនទាន់មានបច្ចេកទេសត្រឹមត្រូវ ដើម្បីធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់នៅឡើយ។

ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជាជួយជំរុញដល់ការគ្រប់គ្រងកាកសំណល់ផ្ទះបាយ ឬការសំណល់សេរីរាង្គឱ្យកាន់តែមានភាពល្អប្រសើរនោះ រដ្ឋបាលស្រុកសូទ្រនិគម និងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ដោយមានការគាំទ្រពីអង្គការដៃគូ បានធ្វើការសាកល្បងចិញ្ចឹមសត្វជន្លេនឱ្យវាស៊ីកាកសំណល់ផ្ទះបាយ សំណល់សេរីរាង្គ បំលែងធ្វើជាជីកំប៉ុស្ដ ដែលមានទីតាំងស្ថិតនៅ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុក ក៏ដូចជាប្រជាសហគមន៍បានកត់សម្គាល់ឃើញថា ការអនុវត្ដសាកល្បងចិញ្ចឹមសត្វជន្លេនឱ្យស៊ីកាកសំណល់ផ្ទះបាយ និងសំណល់សរីរាង្គនេះ គឺបានចូលរួមចំណែកជួយកាត់បន្ថយការនៅសេសសល់ និងរាយប៉ាយកាកសំណល់មួយចំនួននៅតាមទីសាធារណៈ និងក៏ជាការរួមចំណែកជួយសម្អាតបរិស្ថាន និងអនាម័យក្នុងសហគមន៍ឱ្យបានកាន់តែប្រសើរថែមទៀត។

លោក តាន់ សុភ័ក្រ្ត អភិបាលរងស្រុកសូទ្រនិគម ខេត្តសៀមរាបបានបញ្ជាក់ថា ស្រុកសូទ្រនិគម គឺជាស្រុកមួយ ដែលបានរៀបចំអនុវត្តន៍គម្រោងសម្អាតបរិស្ថាន ដែលគាំទ្រដោយអង្គការ GIZ។ លោកលើកឡើងថា ដើម្បីសម្អាតបរិស្ថានឱ្យស្អាត អាជ្ញាធស្រុកចាប់ផ្តើមប្រមូល និងសម្អាតកាកសំណល់នៅតាមទីផ្សារ តាមទីសាធារណៈ ដោយមានការបែងចែកកាកសំណល់ទៅតាមប្រភេទរបស់វា មានសំណល់រឹង រាវ និងសំណល់សេរីរាង។ លោកបានបន្ដថា នៅពេលដែលញែកសំណល់បានហើយអាជ្ញាធរស្រុក ក៏គិតថា ធ្វើយ៉ាងម៉េចដើម្បីធ្វើឱ្យសំណល់ទាំងនេះមានប្រយោជន៍។ លោកថ្លែងបញ្ជាក់ថា៖ «អាជ្ញាធរស្រុក សហការជាមួយ សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ក៏បានសម្រេចសាកល្បងចិញ្ចឹមសត្វជន្លេននេះ ដោយយកសំណល់សេរីរាងពីផ្សារមកដាក់ឱ្យជន្លេនវាស៊ី បំលែងធ្វើជាជីកំប៉ុស្ត យកទៅប្រើប្រាស់ក្នុងសហគមន៍ ដោយមានការសហការជាមួយអង្គការ GRET និងមានការគាំទ្រពីម្ចាស់ជំនួយសែនតូ»។

បើតាមលោក តាន់ សុភ័ក្រ្ត អភិបាលរងស្រុកសូទ្រនិគមបានឱ្យដឹងថា ការសាកល្បងចិញ្ចឹមសត្វជន្លេនឱ្យវាស៊ីកាកសំណល់ផ្ទះបាយសំណល់សេរីរាងបំលែងធ្វើជាជីកំប៉ុស្តនេះ អនុវត្តន៍បានរយៈពេល១ឆ្នាំហើយ ដែលជាលទ្ធផលយើងផលិតជីកំប៉ុស្តបានប្រមាណ២០តោន និងបានធ្វើការពិសោធន៍ទៅលើដំណាំបានចំនួនពីរដងហើយដោយលទ្ធផលឃើញថា ដំណាំលូតលាស់ល្អ ហើយបន្លែមានសុវត្ថិភាព និងគុណភាពល្អ។

លោកអភិបាលរងស្រុកបានបន្ថែមថា៖ «នៅពេលគម្រោងនេះជោគជ័យ១០០ភាគរយ រដ្ឋបាលស្រុកក៏មានគម្រោងពង្រីករោងចិញ្ចឹមសត្វជន្លេននេះទៅតាមសហគមន៍ផ្សេងៗទៀតនៅក្នុងស្រុកនេះផងដែរ។ ដោយធ្វើការផ្សព្វផ្សាយនៅគ្រប់ទីផ្សារ និងតាមលំនៅឋានប្រជាពលរដ្ឋឱ្យញែកកាកសំណល់ឱ្យបានត្រឹមត្រូវ ហើយសម្រាប់សំណល់សេរីរាង្គ គឺយកមកឱ្យសត្វជន្លេនស៊ី»។

ទាក់ទងនឹងការលើកឡើងនេះដែរលោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និង បរិស្ថានស្រុកសូទ្រនិគម បានឱ្យដឹងដែរថា ការផលិតជីកំប៉ុស្តដោយសត្វជន្លេន និងការផលិតជីកំប៉ុស្តបែបវិធីសាស្រ្តបច្ចេកទេស គឺមានគុណភាពប្រហែលគ្នា។ ប៉ុន្តែការផលិតជីកំប៉ុស្តដោយសត្វជន្លេន មានភាពងាយស្រួលជាង ព្រោះវាចំណាយវត្ថុធាតុដើមតិចជាងការផលិតជីកំប៉ុស្តបែបវិធីសាស្រ្តបច្ចេកទេស។ លោកស្រីលើកឡើងថា៖ «បច្ចុប្បន្ននេះ យើងមានធុងចិញ្ចឹមជន្លេនឱ្យវាស៊ីកាកសំណល់សេរីរាង្គនេះ មានចំនួន១៣ធុង ប៉ុន្តែធុងដែលដំណើរការមានចំនួន១០ធុង ដែលមានពូជជន្លេននាំមកពីប្រទេសអាហ្វ្រិក។

ដោយជាអ្នកអនុវត្ដន៍ផ្ទាល់នៅក្នុងសហគមន៍លើការផលិតជីកំប៉ុស្ដដោយសត្វជន្លេននោះ អ្នកស្រី ថៃ សូដា តំណាងឱ្យសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិបានឱ្យដឹងថា បច្ចេកទេសនៃការផលិតជីកំប៉ុស្តដោយសត្វជន្លេននេះ ដំបូងឡើងយើងត្រូវយកកាកសំណល់ពីផ្សារ សម្រាប់កាកសំណល់ស្លឹកដូចជាស្លឹកស្ពីជាដើម គឺឱ្យវាស៊ីភ្លាមៗ ប៉ុន្តែសម្រាប់សំណល់រឹងៗត្រូវយកមកស្តប់ទុករយៈពេល២ខែ រួចទើបយកមកឱ្យសត្វជន្លេនស៊ី ដោយប្រើពេល៩០ថ្ងៃ ទើបចាប់ផ្តើមទទួលផល។ អ្នកស្រីបាននិយាយរៀបរាប់ឱ្យដឹងថា៖ «សម្រាប់ក្នុង១ធុង យើងអាចប្រមូលជីកំប៉ុស្ត ដែលម៉ត់ល្អ បានចំនួនចាប់៨០ ទៅ១៥០គីឡូក្រាម។ ចំពោះការថែទាំសត្វជន្លេនវិញ គឺត្រូវការសីតុណ្ហភាពសមស្របទៅលើបរិយាកាសរស់នៅរបស់វា ទី១ មិនឱ្យមានភាពរញ៉េរញ៉ៃមិនឱ្យឮសំឡេងធុងបាសខ្លាំងៗ។ ទី២ សំណើមគឺនៅចន្លោះ២០ ទៅ៣២ អង្សាសេ»។

អ្នកស្រី ថៃ សូដា បានឱ្យដឹងទៀតថា សម្រាប់ពូជជន្លេន គឺដាក់ក្នុង១ធុងចំនួន៣០គីឡូក្រាម ហើយវាក៏អាចបង្កើតកូនបាន ក្នុងជន្លេន១ក្បាល អាចបង្កើតកូនបាន២ទៅ៣ក្បាលប៉ុណ្ណោះ។ អ្នកស្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុកសូទ្រនិគម អង្គការដៃគូនានា ដែលបានជួយគាំទ្រផ្តល់ទីតាំង ថវិកា ពូជជន្លេន និងបច្ចេកទេស ធ្វើឱ្យគម្រោងសាកល្បងចិញ្ចឹមសត្វជន្លេនឱ្យវាស៊ីកាកសំណល់ផ្ទះបាយ សំណល់សេរីរាង បំលែងធ្វើជាជីកំប៉ុស្តនេះ ដំណើរការទៅដោយរលូន។

ជាមួយគ្នានេះដែរ អ្នកស្រី ថៃ សូដា ក៏បានបង្ហាញនូវក្ដីរំពឹងថា៖ «នៅថ្ងៃខាងមុខកសិកម្មនៅតំបន់នេះ នឹងកាន់តែមានភាពល្អប្រសើរ ទាំងបរិមាណ គុណភាព និងសុវត្ថិភាព សម្រាប់អ្នកបរិភោគ»៕

ដោយ៖ ឃុត សៅ





