ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥-- ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួង, លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។

ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍ អំពីវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ការកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ មានកំណើនវឌ្ឍនភាពខ្ពស់ជាងខែមករា នាឆ្នាំ២០២៤ កន្លងទៅ ។
បន្ទាប់ពីបានស្ដាប់ការអានសេចក្តីព្រាងរបាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងតាមតម្រូវការការងារក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីអាទិភាពទាំង៥នេះ គឺដើម្បីឱ្យឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





