KOICA សន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥--ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងចំនួន១១,៧លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាល សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឱ្យស្ថាប័ននេះប្រសើរឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោង ដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICA កម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរាជរដ្ឋាភិបាលកម្ពុជា។

ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និង សាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។ ការសិក្សានេះ ផ្តោតលើការកែលម្អធាតុផ្សំនៃគម្រោង និងការរៀបចំមូលដ្ឋានសម្រាប់រៀបចំធាតុចូល ទៅក្នុង កំណត់ហេតុនៃកិច្ចពិភាក្សា(RoD)រវាង KOICA និងក្រសួងដែលរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា រួមមាន ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ ឯកឧត្តម បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោងKOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។
សូមជម្រាបជូនថា គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។ លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធ (online and offline) ដែលរួមចំណែកដល់គោលដៅរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។

តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការគម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformation ក្នុងការគ្រប់គ្រងសាធារណៈ។ គំនិតផ្តួចផ្តើមនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈ ដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍគម្រោងចំនួន ១១,៧ លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន១,៧លានដុល្លារ និងជាការពន្យាររយៈពេលពីរឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង១០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ៕
ដោយ៖ រិទ្ធី, ប្រភព៖ KOICA





