អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង។

ថ្លែងក្នុងពិធីកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដោយប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដូចជា មេភូមិ, មេឃុំ, អភិបាលស្រុក ឬអភិបាលខេត្ត ជាដើម ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគាត់ ហើយវិធីសាស្ត្រក្នុងការដោះស្រាយវិវាទដែលល្អបំផុតតាមរយៈយន្តការរដ្ឋបាលនេះ គឺការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីទទួលបាននូវដំណោះស្រាយមួយ ដែលជា “ដំណោះស្រាយឈ្នះ-ឈ្នះ” សម្រាប់ភាគីវិវាទ។

ឯកឧត្តមបណ្ឌិត ក៏បានបន្ថែមដែរថា ការបង្កើត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ (១)-ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (២)-ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។

ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង៕

ដោយ៖ ប៊ុនរិទ្ធ





