មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ បន្តពង្រឹងតួនាទី ធ្វើជាសេនាធិការ និងអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥--
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ បន្តពង្រឹងតួនាទី ធ្វើជាសេនាធិការ និងអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ឃុំ-សង្កាត់ ត្រូវមានភាពសកម្មក្នុងការត្រួតពិនិត្យសកម្មភាពជាក់ស្តែងក្នុងការផ្សព្វផ្សាយ ការលើកកម្ពស់ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរ សមត្ថកិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងមូមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបញ្ហាគ្រឿងញៀន និងក្មេងទំនើងបន្តពង្រឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នេះគឺជាការជំរុញរបស់ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវគណៈអភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង៩ និងមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំចៅសង្កាត់ជាច្រើនទៀតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា៖ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ កន្លងមកក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំ និងតាមដាន ត្រួតពិនិត្យយ៉ាងដិតដល់លើសកម្មភាពអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយសម្រេចបានលទ្ធផលជាច្រើនក្នុងនោះ ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននានា នៅគ្រប់វិស័យ នៅគ្រប់លំដាប់ថ្នាក់រដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ទាំងផ្នែកបរិមាណ គុណភាព ប្រសិទ្ធភាព តម្លាភាពពោលគឺ ជំរុញឱ្យការផ្តល់សេវា និងកិច្ចអន្តរាគមន៍នានាកាន់តែកៀកកិតនឹងប្រជាពលរដ្ឋ សំដៅបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្ថែមថា៖ ក្នុងឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ៥៣លើក ក្នុងនោះបទឧក្រិដ្ឋចំនួន១៥ បង្រ្កាបបានចំនួន ១៤លើក ឃាត់ខ្លួនមុខសញ្ញា ៣៣នាក់ /បទមជ្ឈឹមចំនួន ៣៨លើក បង្រ្កាបបានចំនួន ៣៨ករណី ឃាត់ខ្លួនមុខសញ្ញាបាន ៦៨នាក់។ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១៥ករណី ឃាត់ខ្លួន ៥៩៣នាក់ ស្រី ៤០នាក់ /កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានចំនួន ៥៣ករណី ឃាត់ខ្លួន ១២៩នាក់ ស្រី ១៤នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤៣ / ៩៧លើក កើន ៥លើក។ បង្រា្កបល្បែងស៊ីសងបានចំនួន ១៩ករណី ឃាត់ខ្លួន ៩៦នាក់ ស្រី ២៥នាក់ កម្លាំងកងរាជអាវុធហត្ថបង្រា្កបបាន ០៩ករណី ឃាត់ខ្លួន ៥៦នាក់ ស្រី ១៥នាក់។ ការកំណត់ភូមិ ស គ្មានការប្រើប្រាស់គ្រឿងញៀន ភូមិសរុបមាន ១.៣៧៨ភូមិ ក្នុងនោះភូមិ ស មានចំនួន ១៣៨ភូមិ និងវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីក្នុងឆ្នាំ២០២៤ បានបញ្ចូលទិន្នន័យក្បាលដី សម្រេចបានចំនួន ៣៥៥.៥៧៩ក្បាលដី បិទផ្សាយជាសាធារណៈ ចំនួន ៤០៦.៨២៧ក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ៣១០.៩០២ប័ណ្ណ ព្រមទាំងសម្រេចបានលទ្ធផលល្អលើគ្រប់វិស័យជាច្រើនទៀតផងដែរ៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





