ឯកឧត្តម យិត ភីរៈ បង្ហាញពីការប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃសម្រេចបានជូនអង្គភាព និងប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានលើកបង្ហាញពីការខិតខំប្រឹងប្រែង និងសមិទ្ធផលកីឡានានា ដែលសម្រេចបាន ក្នុងរយៈពេល១ឆ្នាំជូនអង្គភាព និងប្រទេសជាតិ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ គូសបញ្ជាក់ថា ជាការពិត ការខិតខំបំពេញភារកិច្ច ជូនអង្គភាពក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយឆ្នាំ ពិតជាមានសារៈសំខាន់ និងទទួលបានលទ្ធផលជាពុំខាន ប៉ុន្តែទន្ទឹមនឹងលទ្ធផលដែលទទួលបាននោះ ពិតណាស់អង្គភាពនីមួយៗ ប្រាកដជាជួបប្រទះនូវចំណុចខ្វះខាត បញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ដែលពុំអាចចៀសបាន ដែលត្រូវទាមទាឱ្យមានការពិភាក្សាស្វែងរកដំណោះស្រាយ។ ហេតុនេះហើយ ទើបអង្គភាពនីមួយៗ តែងតែមានការរៀបចំនូវសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន ដើម្បីវាយតម្លៃពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានាពីសមាជិកអង្គប្រជុំ ដែលជាប្រតិបត្តិករដ៏សំខាន់ ក្នុងការជំរុញដល់កិច្ចអភិវឌ្ឍរបស់អង្គភាពនីមួយៗ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏មិនខុសពីអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃផងដែរ ដែលមានការងារស្នូលរបស់ខ្លួន ផ្ដោតលើការអភិវឌ្ឍសមត្ថភាព និងចូលរួមលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងចំណុះក្រសួងមហាផ្ទៃ។ ឆ្លងកាត់ការខិតខំប្រឹងប្រែង និងការបណ្ដុះបណ្ដាល ការហ្វឹកហាត់បំប៉នសមត្ថភាពដល់អត្តពលិករបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងការជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្ត និងការចំណាយធនធានយ៉ាងច្រើនពីសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងដោយមានការបន្តគាំទ្រយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាពេលបច្ចុប្បន្ន បានធ្វើឱ្យការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃសមាគមកីឡាទាំង ៤៥ចំណុះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

បន្ថែមពីលើនេះ ឯកឧត្តម យិត ភីរៈ កត់សម្គាល់ទៀតថា ចំណុចជាការកត់សម្គាល់ គឺការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់អត្តពលិករបស់យើងតែងតែទទួលបាននូវលទ្ធផលជាច្រើន នាំមកជូនអង្គភាព និងក្រសួងមហាផ្ទៃ ក៏ដូចជាជូនជាតិមាតុភូមិ។ គួរបញ្ជាក់ថា អង្គសន្និបាតក៏បានរាយការណ៍ជូនអំពីសកម្មភាពការងារ បញ្ហាប្រឈម និងការប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃយ៉ាងលម្អិត ក៏ដូចជាបង្ហាញនូវសមិទ្ធផលនានា ដែលសម្រេចបានជាបន្តបន្ទាប់ជូនអង្គភាព ក្រសួងមហាផ្ទៃ និងប្រទេសជាតិផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ)





