អភិបាលស្រុកស្ទោង៖ ស្មារតី៧មករាជាស្មារតីអមតៈនៃសុខសន្តិភាព និងការអភិវឌ្ឍ
AKP កំពង់ធំ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា ស្មារតី៧ មករាជាស្មារតីអមតៈនៃសុខសន្តិភាព និងការអភិវឌ្ឍក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាជ័យជម្នះ ៧មករា “៧ មករា ១៩៧៩ - ៧ មករា ២០២៥” នៅស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដែលមានសមាជិកសមាជិកាអ្នកចូលរួមសរុបចំនួន៥៥៥នាក់។

លោក សាយ គឹមឡម បានបញ្ជាក់ថា ដោយមានស្មារតីរំដោះជាតិមាតុភូមិទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នងប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី០៧ ខែមករាឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរភាពដ៏អង់អាចក្លាហានដែលបានយកសាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តថែរក្សាការពារនូវសុខសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីសេចក្តីសុខការអភិវឌ្ឍ និងប្រឆាំងដាច់ខាតរាល់ទង្វើជនទាំងឡាយណាដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ឬធ្វើបដិវត្តន៍ពណ៌ និងបង្កអសន្តិសុខទាំងឡាយដល់ជាតិមាតុភូមិនិងប្រជាពលរដ្ឋឱ្យខាងតែបាន និងបានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជន ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែជាសិស្សល្អ កូនល្អ មិត្តល្អ នៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ទិវាជ័យជំនះ៧មករា ដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ។

លោកស្រី ឡាយ រមនា តំណាងយុវជន និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាព ជាពិសេសស្មារតី៧មករាជាអមតៈ "ផឹកទឹកមិនភ្លេចប្រភពទឹក"៕
ដោយ ស៊ុម វណ្ណា





