កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺគ្រុនផ្តាសាយបក្សីថ្មីនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយថាប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីទី១៩ នៃជំងឺគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង (AI) នៅឯកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងក្នុងតំបន់កណ្តាលប្រទេស ខេត្តជុងឈុង (Chungcheong) ភាគខាងជើង។
អាជ្ញាធរបាននិយាយថា ករណីចុងក្រោយនេះត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់មួយនៅក្នុងស្រុកអ៊ុមស៊ុង (Eumseong) មានចម្ងាយប្រហែល ៩០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
ម្ចាស់កសិដ្ឋានបានធ្វើរបាយការណ៍ដំបូងអំពីការកើនឡើងនៃការស្លាប់ក្នុងចំណោមបសុសត្វ។ នេះបង្កើនចំនួនករណីជំងឺគ្រុនផ្តាសាយបក្សីដល់១៩ករណីសម្រាប់រដូវរងាឆ្នាំនេះ។អាជ្ញាធរបានគ្រប់គ្រងតំបន់នោះ ហើយបានសម្រេចចិត្តសម្លាប់សត្វមាន់ប្រមាណ ៤៤.០០០ ក្បាលដែលចិញ្ចឹមនៅក្នុងកសិដ្ឋាន។
អាជ្ញាធរក៏មានគម្រោងធ្វើការត្រួតពិនិត្យនៅកសិដ្ឋានចំនួន ៨ទីតាំងផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកសិកម្មដូចគ្នា និងកសិដ្ឋានចិញ្ចឹមសត្វចំនួន ៥៥ទីតាំងផ្សេងទៀតនៅក្នុងតំបន់ដាច់ដោយឡែករបស់កសិដ្ឋានដែលរងផលប៉ះពាល់៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





