ខេត្តព្រះសីហនុប្រជុំប្រកាសផ្សព្វផ្សាយពីលទ្ធផលគណនេយ្យជាតិឆ្នាំ២០២៥របស់ខ្លួន
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ «ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៥» នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណវិទ្យាស្ថានជាតិស្ថិតិ និងថ្នាក់ ដឹកនាំ មន្រ្តីរាជការ នៃវិទ្យាស្ថានជាតិស្ថិតិដែលបានប្រមូលចង ក្រងទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តព្រះសីហនុ និងរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តដែលបានខិតខំរួមសហការផ្តល់ធាតុចូលទាំងឡាយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាចេញជាលទ្ធផលដែលមិនអាចខ្វះបាន ដើម្បីផ្តល់ទិន្នន័យសំខាន់ៗដែលជាប្រយោជន៍សម្រាប់ការគណនាផលិតផលក្នុងស្រុកសរុប(GDP) នៅឆ្នាំ២០២៦ និងបន្តផ្តល់ទិន្នន័យទាំងនោះជាបន្តទៀតជារៀងរាល់ចុងឆ្នាំនីមួយៗ។

កន្លងមករដ្ឋបាលខេត្តមានទិន្នន័យមួយចំនួនដូចជា របាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ដែលជាទិន្នន័យ ស្តីពីឯកសារព័ត៌មានស្ថានភាព ស្តីពីសេដ្ឋកិច្ច សង្គមកិច្ច និងឯកសារព័ត៌មានស្តីពីពិន្ទុវិស័យរបស់ខេត្ត ដែលផលិតដោយមន្ទីរផែនការខេត្ត និងបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងព័ត៌មានផ្សេងៗទៀតរបស់មន្ទីរ អង្គភាពជំនាញសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសម្រាប់ធ្វើសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការគណនាផលិតផលក្នុងស្រុកសរុប(GDP) របស់ខេត្ត គឺជាគោលបំណងដ៏សំខាន់មួយ ដែលរដ្ឋបាលខេត្តទន្ទឹងរងចាំជាយូរណាស់មកហើយ ហើយលទ្ធផលនេះ ពិតជាមានសារសំខាន់សម្រាប់ការបំពេញបន្ថែមនូវព័ត៌មានជាក់លាក់ក្នុងការអភិវឌ្ឍន៍ខេត្ត។ លើសពីនេះទៅទៀត លទ្ធផលនៃការគណនានេះពិតធ្វើឱ្យខេត្តដឹងអំពីទំហំសេដ្ឋកិច្ចចំណូល ចំណាយរបស់ខេត្ត និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងខេត្ត ការវាស់វែងអតិផរណាក្នុងខេត្ត ដែលជាព័ត៌មានមិនអាចខ្វះបានសម្រាប់ប្រើប្រាស់ក្នុងការទាក់ទាញអ្នកវិនិយោគ និងការរៀបចំគោលនយោបាយផ្សេងៗទៅសម្រាប់អភិវឌ្ឍន៍ខេត្ត។

ឯកឧត្តម រិន វីរៈ បានថ្លែងថា លទ្ធផលបឋម និងទស្សនទាននៃការចងក្រងផលិតផលក្នុងស្រុកសរុប ជាពិសេសផលិតផលរបស់ខេត្តព្រះសីហនុ សេដ្ឋកិច្ចខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ៥ ៧៣៨ ៣៤៣លានរៀល គិតជាដុល្លារ ១ ៤៣០លានដុល្លារអាមេរិក (អត្រាប្តូរប្រាក់៤ ០១២រៀលក្នុង ១ដុល្លារអាមេរិក) បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០២៥ ស្មើនឹង ២,៨% នៃសេដ្ឋកិច្ចជាតិ និងមានកំណើន សេដ្ឋកិច្ចសរុប ៤,៣% (តាមថ្លៃថេឆ្នាំ២០១៤) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ៤ ៣៥១ដុល្លារអាមេរិក។ រចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចប្បន្នមានដូចជា -វិស័យកសិកម្មមាន ១៦,៣% -វិស័យឧស្សាហកម្មមាន ៦៣,៤% -វិស័យសេវាកម្មមាន ២០,៣%។ ខេត្តព្រះសីហនុ មានសក្តានុពលក្នុងវិស័យឧស្សាហកម្ម ការផ្គត់ផ្គង់ផលិតផលឧស្សាហកម្មសម្រាប់នាំចេញទៅក្រៅប្រទេស និងឧស្សាហកម្មទេសចរណ៍ដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់ខ្លាំងថែមទៀត។
ឯកឧត្តម បានបន្តថា ការចង ក្រងគណនេយ្យជាតិសម្រាប់ខេត្ត មានបញ្ហាប្រឈមសំខាន់ៗដូចជា .ប្រភពទិន្នន័យបច្ចុប្បន្នយកមកប្រើប្រាស់មានតែទិន្នន័យរដ្ឋបាលតាមមន្ទីរជំនាញ ដែលមាន តែប្រតិបត្តិការណ៍ (ចំណូល និងចំណាយ)របស់មន្ទីរ។ ទិន្នន័យទាក់ទងនឹងផលិតកម្ម (ផលិតផល បានផលិតចំណូលពីការលក់ និងចំណាយប្រតិបត្តិការមិនមានទេ)។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានស្នើសុំមន្ទីរ អង្គភាពជំនាញជុំវិញខេត្តបន្តកិច្ចសហការផ្តល់ទិន្នន័យចាំបាច់តាមការស្នើសុំរបស់មន្ទីរផែនការ ដើម្បីផលិតស្ថិតិឱ្យមានគុណភាពជាប្រយោជន៍រួមទាំងអស់គ្នា កាលណាយើងផ្តល់ទិន្នន័យដែលត្រឹមត្រូវ ការវិភាគទិន្នន័យ និងមានភាពសុក្រិត្យ និងតម្លាភាព ៕
ដោយ ងូ សុមុនី





