អ្នកផលិតមាតិកាអន្តរជាតិជនជាតិកេនយ៉ា ចុះផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តបន្ទាយមានជ័យទៅកាន់ពិភពលោក
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--- លោក Mbuziseller Nelson Saisi អ្នកផលិតមាតិកា (Content Creator) និងជា Influencer អន្តរជាតិជនជាតិកេនយ៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តបន្ទាយ មានជ័យ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ វប្បធម៌ ទេសភាពធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយភាពទាក់ទាញនៃតំបន់ទេសចរណ៍ក្នុងខេត្តទៅកាន់សាធារណជនអន្តរជាតិ។
ក្នុងឱកាសមកដល់ខេត្តបន្ទាយមាន ជ័យ លោក Mbuziseller Nelson Saisi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្រៅពីការស្វែងយល់ពីតំបន់ទេសចរណ៍សំខាន់ៗ លោកក៏បានចុះទៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ និងការលំបាករបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីលំនៅឋានដោយសារសង្គ្រាមឈ្លានពានរបស់ពួកទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជាតាមបន្ទាត់ព្រំដែន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់នេះ លោកបានស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋមកពីភូមិទាំង៦ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានតាមព្រំដែន បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់លំនៅឋាន និងមិនអាចវិលត្រឡប់ទៅរស់នៅក្នុងតំបន់ដើមបាន ខណៈសកម្មភាពសិក្សារបស់សិស្សានុសិស្សក៏រងផលប៉ះពាល់ផងដែរ។ តាមព័ត៌មានដែលបានផ្តល់ជូនក្នុងដំណើរទស្សនកិច្ច តំបន់មួយចំនួននៅតាមព្រំដែនត្រូវបានទាហានថៃ ដាក់បន្លាលួស និងទូកុងតឺន័រ ដែលរារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋ។

ការចុះស្វែងយល់ដោយផ្ទាល់នេះ បានផ្តល់ឱកាសឱ្យអ្នកផលិតមាតិកាអន្តរ ជាតិរូបនេះ ទទួលបានព័ត៌មានអំពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការរៀបចំទីតាំងស្នាក់នៅ និងផ្តល់ការគាំទ្រដល់គ្រួសារដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
ក្នុងឱកាសនោះ លោក Mbuziseller Nelson Saisi បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់រៀបចំទីតាំងស្នាក់នៅសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដើម្បីឱ្យពួកគាត់មានកន្លែងរស់នៅសមរម្យ និងមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ខណៈកំពុងរង់ចាំដំណោះស្រាយសមស្របដើម្បីវិលត្រ ឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ក្រៅពីការស្វែងយល់ពីស្ថានភាពមនុស្សធម៌ ដំណើរទស្សនកិច្ចនេះក៏មានសារៈសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពផ្សេងៗនៃខេត្តបន្ទាយមានជ័យ ដែលមានទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


លោកនឹងបន្តដំណើរទៅទស្សនាប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក និងអាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ព្រមទាំងតំបន់ទេសចរណ៍មួយចំនួនទៀត មុនចាកចេញពីខេត្តបន្ទាយមា នជ័យ ដើម្បីបន្តបេសកកម្មទស្សនកិច្ចនៅតាមបណ្តាខេត្តផ្សេងៗទៀត។
ប្រាសាទបន្ទាយឆ្មារ គឺជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្មខ្មែរបុរាណ និងអរិយធម៌ដ៏រុងរឿង។ ចំណែកអាងទឹកត្រពាំងថ្ម ជាតំបន់ដែលមានទេសភាពធម្មជាតិ និងធនធានជីវចម្រុះគួរឱ្យចាប់អារម្មណ៍ ដែលអាចចូលរួមលើកកម្ពស់ការយល់ដឹងអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិរក្សបរិស្ថាន។ ការផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនេះតាមរយៈបណ្តាញឌីជីថល និងមាតិកាដែលអាចចែករំលែកទៅកាន់ទស្សនិ កជនទូទាំងពិភពលោក ត្រូវបានចាត់ទុកថាជាមធ្យោបាយមួយក្នុងការបង្កើនការយល់ដឹងអំពីគោលដៅទេសចរណ៍កម្ពុជា។ ជាពិសេស ការបង្ហាញរូបភាពជាក់ស្តែងពីតំបន់ទេសចរណ៍ វប្បធម៌ ប្រពៃណី និងការរស់នៅរបស់ប្រជាពលរដ្ឋ អាចជួយបង្កើតចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរបរទេស និងជំរុញការស្វែងយល់បន្ថែមអំពីកម្ពុជា។


សូមជម្រាបថា លោក Mbuziseller Nelson Saisi ជាអ្នកផលិតមាតិកា និង Influencer ជនជាតិកេនយ៉ា ព្រមទាំងជាសមាជិកក្រុម Cyberlocos ដែលបានមកបំពេញបេសកកម្មទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងតំបន់ទេសចរណ៍នានារបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ និងបណ្តាខេត្តនានា ដើម្បីស្វែងយល់ពីសម្បត្តិធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយសម្រាប់ខេត្តបន្ទាយមានជ័យក្នុងការបង្ហាញពីអត្តសញ្ញាណ និងសក្តានុពលទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក ស្របពេលដែលការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលកំពុងដើរតួនាទីសំខាន់ក្នុងការភ្ជាប់គោលដៅទេសចរណ៍ក្នុងស្រុកទៅកាន់ទស្សនិកជនអន្តរជាតិ៕
ដោយ៖ ឈុនសារ៉ាត





