ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលទំនប់យាយផ្កាយដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកប្រាសាទបល្ល័ង្ក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦-- លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានជួសជុលទំនប់យាយផ្កាយ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ។
សកម្មភាពនេះ ធ្វើឡើង ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការខូចខាតនៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការរក្សាស្ដុកទឹកទុក។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ បានបណ្តាលឱ្យទំនប់យាយផ្កាយដាច់ប្រវែងប្រមាណ ៩០ម៉ែត្រ។ ជាវិធានការអន្តរាគមន៍បន្ទាន់ ក្រុមការងារនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បាននិងកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ១០គ្រឿង ដើម្បីស្តារ និងជួសជុលទំនប់នេះឡើងវិញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងរក្សាប្រភពទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ និងការបង្កបង្កើនផលក្នុងរដូវប្រាំងខាងមុខ ជាពិសេសគឺដើម្បីត្រៀមបង្ការហានិភ័យនៃកង្វះខាតទឹក ឬគ្រោះរាំងស្ងួត ដែលអាចកើតមានឡើងដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ (El Niño)៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





